ផ្លូវជាតិលេខ៨ គ្រោងកែលម្អឡើងវិញ ខណៈក្រុមការងារចុះពិនិត្យស្ថានភាពផ្លូវជាក់ស្តែង
ភ្នំពេញ៖ លោក ឈួន វិន រដ្ឋលេខាធិការ និងជានាយកគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ស្រុកពញាក្រែក (ប្រសព្វផ្លូវជាតិលេខ៧) បានចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៨ជាក់ស្តែង ដោយមានការចូលរួមពីសមាជិក-សមាជិកាគម្រោង និងមន្ត្រីពាក់ព័ន្ធ។
ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃស្ថានភាពផ្លូវជាក់ស្តែង ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាពគម្រោង និងរៀបចំផែនការធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៨។
គម្រោងនេះ មានគោលដៅលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូន និងពង្រឹងសក្តានុពលនៃការតភ្ជាប់ចរាចរណ៍ និងពាណិជ្ជកម្មឆ្លងកាត់ព្រំដែនឱ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ៨ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រមួយនៅភាគខាងកើតប្រទេស ដែលមានប្រវែងជាង ១២៥គីឡូម៉ែត្រ តភ្ជាប់ពីស្ពានព្រែកតាមាក់ទៅកាន់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងភ្ជាប់ទៅបណ្តាញផ្លូវជាតិសំខាន់ៗជាច្រើន ដោយដើរតួនាទីសំខាន់ក្នុងការដឹកជញ្ជូនទំនិញ ពង្រឹងការតភ្ជាប់តំបន់ និងជំរុញពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។
ផ្លូវជាតិលេខ៨ ក៏ជាខ្សែផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលតភ្ជាប់រាជធានីភ្នំពេញទៅកាន់បណ្តាខេត្តភាគខាងកើត និងតំបន់ព្រំដែនកម្ពុជា-វៀតណាម។ ការសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងវិញនាពេលនេះ ត្រូវបានរំពឹងថានឹងរួមចំណែកលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កាត់បន្ថយពេលវេលាធ្វើដំណើរ និងគាំទ្រដល់កំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់៕