មន្ត្រីបរិស្ថានរកឃើញទីតាំងដីរងការទន្ទ្រានថ្មី និងទីតាំងដីអាស្រ័យផល ១៤០ទីតាំង ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក និងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ភូមិសាស្ត្រខេត្តសៀមរាប
សៀមរាប៖ មន្ត្រីបរិស្ថាន សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងចុះអនុវត្ដការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបានរកឃើញានទីតាំងដីរងការទន្ទ្រានថ្មី និងទីតាំងដីអាស្រ័យផល ១៤០ទីតាំង ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក និងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ភូមិសាស្រ្តខេត្តសៀមរាប។
យោងតាមការឱ្យតដឹងពីមន្ត្រីបរិស្ថាន បានបញ្ជាក់ថា នៅដែនជម្រកសត្វព្រៃបឹងពែរ មន្ត្រីបង្ក្រាបបទល្មើសធនធានធម្មជាតិ បានធ្វើការចុះល្បាតពិនិត្យជាក់ស្ដែងឃើញមានទីតាំងដីរងការទន្ទ្រានថ្មី និងទីតាំងដីអាស្រ័យផលក្នុងតំបន់ការពាចុះរធម្មជាតិ សរុបចំនួន ១២៩ទីតាំង ស្មើនឹងទំហំផ្ទៃដី ៣៣០,០៩ហិកតា។
ដោយឡែកនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក មន្ត្រីបានបង្ក្រាបទល្មើសធនធានធម្មជាតិ បានធ្វើការចុះល្បាតពិនិត្យជាក់ស្ដែងឃើញមានទីតាំងដីរងការទន្ទ្រានថ្មី និងទីតាំងដីអាស្រ័យផលក្នុងតំបន់ការពារធម្មជាតិ សរុបចំនួន១០ទីតាំង ស្មើនឹងទំហំផ្ទៃដី ១៨,៥៣ហិកតា។ បន្ទាប់មនៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ក្រុមការងារបង្ក្រាបទល្មើសធនធានធម្មជាតិ បានធ្វើការចុះល្បាតពិនិត្យជាក់ស្ដែងឃើញមានទីតាំងដីរងការទន្ទ្រានថ្មី ១ទីតាំង ស្មើនឹង ទំហំផ្ទៃដី ០,២៥ហិកតា។
សូមបញ្ជាក់បទល្មើសខាងលើ គឺល្មើសនឹងក្រមបរិស្ថាននឹងធនធានធម្មជាតិ មាត្រា៨៥១ ចំណុច(ច)កាប់គាស់ ឬរុករានដីព្រៃ ឬឆ្ការដុត ឬឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ។ ចំពោះអ្នកប្រព្រឹត្តបទល្មើស ត្រូវបានក្រុមការងារនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិខាងជើងបឹងទន្លេសាប មន្ទីរបរិស្ថានខេត្តសៀមរាប និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ធ្វើការស៊ើបអង្កេត និងនាំខ្លួនជនល្មើសយកមកទទួលខុសត្រូវចំពោះមុខច្បាប់ ជាធរមាន។ ប្រតិបត្តិការអនុវត្តច្បាប់នេះ បានប្រព្រឹត្តទៅក្នុងអំឡុងខែមីនា និងខែមេសាឆ្នាំ២០២៦ ដើម្បីការពារគម្របព្រៃឈើឱ្យនៅគង់វង្ស ដែលគាំទ្រផ្ទាល់ដល់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលជាមូលដ្ឋានគ្រឹះនៃសសរស្តម្ភ «ភាពបៃតង»។
ក្រសួងបរិស្ថានបន្តអនុវត្តច្បាប់តឹងរឹង និងការសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ចុះល្បាត ធ្វើការទប់ស្កាត់ និងបង្ក្រាបលើជនល្មើសច្បាប់ និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់តុលាការ។ ជនល្មើសត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ និងអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ យ៉ាងម៉ឺងម៉ាត់។
សូមបញ្ជាក់ថដា ក្រសួងបរិស្ថានបន្តផ្តល់សម្ភារ និងការពង្រឹងសមត្ថភាព លើការប្រើប្រាស់បច្ចេកវិទ្យាទំនើប រួមមាន រូបភាពផ្កាយរណប និងដ្រូន ដើម្បីស្រាវជ្រាវ ក៏ដូចជាចាត់វិធានការច្បាប់នៅតាមតាមតំបន់ការពារធម្មជាតិ។ លើសពីនេះក្រសួងបរិស្ថានជំរុញការបណ្តុះ និងការដាំដើមឈើដើម្បីបង្កើនភាពបៃតង នៅតាមទីសាធារណៈ តាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងការដាំស្តារព្រៃ។ ក្នុងពេលជាមួយគ្នានេះ ក្រសួងបរិស្ថាន នឹងជំរុញការអភិវឌ្ឍគោលដៅលម្ហែបៃតង ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ ប្រែក្លាយសហគមន៍ជាសហគមន៍អព្យាក្រឹតកាបូន និងជួយពង្រឹងប្រព័ន្ធការពារធនធានធម្មជាតិ កាន់តែប្រសើរថែមទៀត៕