ព័ត៌មានអន្តរជាតិ

លោកប្រធានាធិបតីត្រាំ បញ្ជាក់ជំហរថា ឱ្យតែចុះហត្ថលេខា MoU ភ្លាម ច្រកសមុទ្រ ហ័រមូស នឹងបើកទ្វារភ្លាម

image

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសយ៉ាងច្បាស់កាលពីថ្ងៃពុធ ថា ច្រកសមុទ្រ ហ័រមូស (Hormuz) នឹងត្រូវបើកឱ្យដំណើរការឡើងវិញភ្លាមៗ ឱ្យតែមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រួចរាល់ ។

 

នៅក្នុងសេចក្តីថ្លែងការណ៍ខាងលើនោះ លោកប្រធានាធិបតីត្រាំ បានរៀបរាប់បន្ថែមទៀតថា កងទ័ពអាម៉េរិកបានដាក់ពង្រាយនាវាបោសសម្អាតមីនរួចជាស្រេចទៅហើយ នៅតាមបណ្តោយផ្លូវទឹកដ៏មានសារៈសំខាន់ជាអន្តរជាតិមួយនេះ ។

 

លោកប្រធានាធិបតីរូបនេះ ក៏បានធ្វើការកោតសរសើរមិនដាច់ពីមាត់ ចំពោះបច្ចេកវិទ្យាទំនើបចុងក្រោយរបស់អាម៉េរិក ដែលប្រើប្រាស់ប្រព័ន្ធបោសសម្អាតមីនដោយស្វ័យប្រវត្តិនៅក្រោមបាតសមុទ្រ ដើម្បីការពារហានិភ័យពីក្រុមបង្កអសន្តិសុខ ។

 

ជាងនេះទៀត លោកប្រធានាធិបតីត្រាំ ព្រមទាំងបានបង្ហាញទំនុកចិត្តខ្ពស់ថា គ្រាប់មីនគ្រោះថ្នាក់ភាគច្រើន ត្រូវបានបោសសម្អាតស្ទើរតែទាំងស្រុង និងធានាបាននូវសុវត្ថិភាពខ្ពស់ សម្រាប់ការធ្វើដំណើរឆ្លងកាត់នាពេលឆាប់ៗខាងមុខ ។

 

លោក ត្រាំ បានសង្កត់ធ្ងន់ថា ទោះបីជាត្រូវរង់ចាំការពិនិត្យមើលតំបន់សេសសល់មួយចំនួនទៀតក៏ដោយ ប៉ុន្តែសហរដ្ឋអាម៉េរិក នឹងនៅតែបន្តប្រើប្រាស់ផ្លូវសមុទ្រប៉ែកខាងត្បូង ហើយច្រកសមុទ្រនេះ នឹងបើកចំហរភ្លាមៗក្រោយកិច្ចព្រមព្រៀងបានបញ្ចប់ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ VIORY/ CNN & Fox News on Microsoft Bing.