មនុស្ស ២១ នាក់ស្លាប់យ៉ាងរន្ធត់ ក្រោយភ្លើងឆាបឆេះសណ្ឋាគារចំនួនពីរនៅក្រុងដេល្លី ប្រទេសឥណ្ឌា
ឥណ្ឌា៖ គ្រោះអគ្គិភ័យដ៏ខ្លាំងក្លាមួយ បានឆាបឆេះដោយបំផ្លិចបំផ្លាញសណ្ឋាគារចំនួនពីរនៅក្នុងទីក្រុងញូដេល្លី ប្រទេសឥណ្ឌា កាលពីព្រឹកថ្ងៃពុធ ដោយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២១ នាក់បាត់បង់ជីវិត និងបង្កឱ្យមានការភ័យស្លន់ស្លោជាខ្លាំងដល់ភ្ញៀវដែលស្នាក់នៅទីនោះ ។
អគ្គិភ័យនេះ បានចាប់ផ្តើមឆាបឆេះចេញពីភោជនីយដ្ឋានជាន់ក្រោមដីនៃសណ្ឋាគារមួយ រួចបានរីករាលដាលយ៉ាងលឿនទៅកាន់សណ្ឋាគារដែលនៅជាប់គ្នា ដោយបានហុំព័ទ្ធមនុស្សជាច្រើនឱ្យជាប់នៅក្នុងផ្សែងខ្មៅក្រាស់ឃ្មឹក ខណៈមនុស្សចំនួន ៣៧ នាក់ត្រូវបានជួយសង្គ្រោះទាន់ពេល ។
ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់ រួមមានពលរដ្ឋឥណ្ឌា និងវត្តមានជនបរទេសមកពីប្រទេសលីបេរីយ៉ា ម៉ូសំប៊ិក នីហ្សេរីយ៉ា និងបង់ក្លាដែស្ហផងដែរ ដែលភាគច្រើនជាអ្នកធ្វើដំណើរមកទីក្រុងដេល្លី ដើម្បីស្វែងរកសេវាព្យាបាលជំងឺ ។
សាក្សីនៅទីកន្លែងកើតហេតុ បានឱ្យដឹងថា សណ្ឋាគារទាំងនេះបានលួចលាក់បើកអាជីវកម្មខុសច្បាប់ ដោយគ្មានច្រកទ្វារសុវត្ថិភាពសម្រាប់រត់គេចេញពីអគ្គិភ័យឡើយ ដែលបង្ខំឱ្យភ្ញៀវស្នាក់នៅមួយចំនួនសម្រេចចិត្តលោតចុះពីលើជាន់ខ្ពស់ៗទាំងគ្មានជម្រើស ។
អាជ្ញាធរបានបើកការស៊ើបអង្កេតដើម្បីផ្ដន្ទាទោស ក្រោយរកឃើញថាសណ្ឋាគារនេះល្មើសច្បាប់ដោយលួចបើកបន្ទប់រហូតដល់ ២៥ បន្ទប់ ខណៈច្បាប់អនុញ្ញាតត្រឹមតែ ៦ បន្ទប់ ហើយលោកនាយករដ្ឋមន្ត្រី ណារិន្ទ្រ ម៉ូឌី ក៏បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភ ដើម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររងគ្រោះផងដែរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.