ព័ត៌មានជាតិ

ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ណែនាំអភិបាលរងខេត្តកែបទើបតែងតាំងថ្មីចំនួន ៣រូប ត្រូវពង្រឹងកិច្ចសហការ បម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព

image

កែប៖ អភិបាលរងខេត្តកែបថ្មី ចំនួន៣រូប ត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទដារ៉ា រដ្ឋលេខាធិការប្រចាំការ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តកែប។ 

ថ្លែងក្នុងពិធីនោះ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទដារ៉ា សម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះអភិបាលខេត្ត ដែលបានខិតខំសម្រេចនូវសមិទ្ធផលជាបន្តបន្ទាប់ ជូនប្រជាជននិងរដ្ឋាភិបាល។ ជាមួយគ្នានេះ លោកសន្តិបណ្ឌិត បានណែនាំដល់អភិបាលរងខេត្តថ្មីទាំង៣រូប ត្រូវសហការគ្នា ខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពវិន័យការងារ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងចុះជិតជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា។

លោក ក៏បានណែនាំឱ្យថ្នាក់ដឹកនាំខេត្តកែប និងមន្ត្រីពាក់ព័ន្ធ រួមគ្នាជំរុញការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ស្របតាមផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍របស់ខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តខេត្តកែបកាន់តែច្រើន។ ទន្ទឹមនឹងនេះ ត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបន្តអនុវត្តវិធានការម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដើម្បីរក្សាសុវត្ថិភាព និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ 

គួរបញ្ជាក់ជូនដែរថា អភិបាលរងខេត្តថ្មីទាំង៣រូប រួមមាន៖ ១- លោក លី សាវេត ផ្ទេរពីអភិបាលរងខេត្តតាកែវ មកជាអភិបាលរងខេត្តកែប ២- លោក សុខ រស់ ផ្ទេរពីអភិបាលរងខេត្តស្វាយរៀង មកជាអភិបាលរងខេត្តកែប និង៣- លោក សែម រមនា ត្រូវបានតែងតាំងជាអភិបាលរងខេត្តកែប៕

អត្ថបទ៖ ង៉ុង សាន់