មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា ណែនាំយុវជន ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ និងគុណធម៌ ដើម្បីក្លាយជាធនធានដ៏សំខាន់របស់សង្គម
កែប៖ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា បានលើកឡើងថា យុវជន គឺជាកម្លាំងដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គមជាតិ ដូច្នេះការបណ្តុះស្មារតីឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងការគោរពចំពោះមាតាបិតា គ្រូបង្រៀន និងបុព្វការីជន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់កសាងអនាគតដ៏ល្អប្រសើរ។
នេះជាការលើកឡើងរបស់លោក ប៉ែន វិបុល រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ក្នុងកម្មវិធី “ទស្សនាទានព្រះពុទ្ធសាសនា” ក្រោមប្រធានបទ តម្លៃសីលធម៌យុវជនក្នុងសង្គមខ្មែរ ដែលរៀបចំឡើងនៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចរិយាវង្ស ខេត្តកែប ដោយមានការចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។
ថ្លែងក្នុងកម្មវិធីនោះ លោក ប៉ែន វិបុល បានលើកឡើងថា កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៧ ក្រោមគំនិត ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងគោលបំណងផ្សព្វផ្សាយអប់រំសីលធម៌ និងបណ្តុះគំនិតល្អៗដល់យុវជនកម្ពុជា តាមរយៈការផ្សារភ្ជាប់ព្រះពុទ្ធសាសនាជាមួយការអប់រំ និងជីវភាពរស់នៅប្រចាំថ្ងៃ។
លោកបានបន្ថែមថា សម្រាប់ប្រធានបទនេះក៏មានគោលបំណងជួយឱ្យសិស្សានុសិស្សយល់ដឹងពីតម្លៃនៃការសិក្សា ចេះធ្វើអំពើល្អ មានសុជីវធម៌ និងចេះរស់នៅដោយការទទួលខុសត្រូវក្នុងសង្គម។
គួរបញ្ជាក់ថា កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ត្រូវបានរៀបចំដោយក្រសួងធម្មការ និងសាសនា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងស្ថានីយទូរទស្សន៍រដ្ឋ និងឯកជន ដើម្បីផ្សព្វផ្សាយការអប់រំផ្នែកសីលធម៌ និងគុណធម៌ដល់យុវជននៅទូទាំងប្រទេស៕
អត្ថបទ៖ ង៉ុង សាន់