រដ្ឋមន្រ្តីនៃអគ្គរដ្ឋបាលគយចិន បញ្ជាក់អំពីការខិតខំសម្របសម្រួលនីតិវិធីសម្រាប់ការនាំចូលផលិតផលកសិកម្មពីកម្ពុជាទៅកាន់ទីផ្សារចិន ឱ្យបានច្រើនបន្ថែមទៀត
ភ្នំពេញ៖ លោកស្រី Sun Meijun រដ្ឋមន្រ្តីនៃអគ្គរដ្ឋបាលគយចិន បានបញ្ជាក់ជូនអំពីការខិតខំសម្របសម្រួលនីតិវិធី សម្រាប់ការនាំចូលផលិតផលកសិកម្មពីកម្ពុជាទៅកាន់ទីផ្សារចិន តាមរយៈការជំរុញលើកទឹកចិត្តឱ្យមានការនាំ ចេញផលិតផលកសិកម្ម ដូចជាចេក និងធុរេនពីកម្ពុជាទៅចិនឱ្យបានច្រើនបន្ថែមទៀត និងស្នើឱ្យកម្ពុជាពន្លឿនការតភ្ជាប់នូវប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់អេឡិចត្រូ-និក និងផ្តល់គាំទ្រនូវកិច្ចសហប្រតិបត្តិការរដ្ឋបាលគយឆ្លាតវៃរបស់ខ្លួន ដើម្បីទទួលបានលទ្ធផលនិងផលប្រយោជន៍រួមគ្នា ក្នុងការពន្លឿននិងសម្រួលពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
ការបញ្ជាក់ជូនបែបនេះរបស់លោកស្រី Sun Meijun រដ្ឋមន្រ្តីនៃអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងខណៈដែលលោកស្រីអញ្ជើញមកចូលរួម “កិច្ចសន្ទនារវាងអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន និងអគ្គនាយកនៃរដ្ឋបាលគយអាស៊ាន លើកទី២៤” ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ “កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៥” នៅរាជធានីភ្នំពេញ ក្នុងជំនួបពិភាក្សាការងារជាមួយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏មានការអញ្ជើញចូលរួមពីលោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការីផងដែរ។
លោកអគ្គបណ្ឌិតសភាចារ្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋបាលគយនៃប្រទេសទាំងពីរ នាពេលកន្លងមក ជាពិសេសការផ្តល់ជំនួយបច្ចេកទេសរបស់រដ្ឋបាលគយចិន លើការងារបច្ចេកទេសគយ កិច្ចសម្រួលពាណិជ្ជកម្ម ការកសាងសមត្ថភាពធនធានមនុស្ស និងអភិវឌ្ឍន៍ស្ថាប័ន គំនិតផ្តួចផ្តើមរដ្ឋបាលគយឆ្លាតវៃ បញ្ញាសិប្បនិម្មិត ដើម្បីជំរុញពង្រឹងនិងពង្រីកបន្ថែមការតភ្ជាប់ក្នុងតំបន់សម្រាប់កម្ពុជា-ចិន និងសមាជិកអាស៊ាន ជាដើម។
លោកស្រីរដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីលទ្ធផលនៃ “កិច្ចសន្ទនារវាងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋ ប្រជាមានិតចិន និងអគ្គនាយកនៃរដ្ឋបាលគយអាស៊ាន លើកទី ២៤” កាលពីព្រឹកថ្ងៃទី៣ ខែ មិថុនា ឆ្នាំ ២០២៦ ដោយអាស៊ាន និងចិន បានសម្រេចចេញនូវ “សេចក្តីថ្លែងការណ៍រួម”។ ជាមួយគ្នានេះ, ថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៦ នេះ, អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន និងអគ្គនាយកនៃរដ្ឋបាលគយអាស៊ាន នឹងរៀបចំពិធីចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងការទទួលស្គាល់ គ្នាទៅវិញទៅមកនៃកម្មវិធីប្រតិបត្តិករ សេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO) រវាងរដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយចិន” ផងដែរ។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការខិតខំបន្ថែមទៀត ក្នុងការជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងខណៈដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាបណ្តាលមកពីភាពតាន តឹងភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ ការប្រែប្រួលសេដ្ឋកិច្ច ក៏ដូចជានិន្នាការអវិជ្ជមាននៃការការពារនិយម និងភាគីនិយម (Protectionism) ដែលជះឥទ្ធិពលអវិជ្ជមានមកលើពាណិជ្ជកម្ម សេដ្ឋកិច្ច-សង្គម និង ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ជាដើម។
លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានជម្រាបអំពីស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន និងវិធានការបន្ទាន់ជាអាទិភាពនានា ដែលបានរាជរដ្ឋាភិបាលដាក់ចេញថ្មីៗនេះ ពាក់ព័ន្ធនឹងការងារគយ និងរដ្ឋាករកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូល ឆ្លើយតបនឹងតម្រូវការចាំបាច់ ធានាចីរភាព និងលំនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ ក្នុងនោះ គិតត្រឹមបំណាច់ ត្រីមាសឆ្នាំ២០២៦ ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, ទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានកំណើនគួរឱ្យកត់សម្គាល់។
លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា និងបានជូនពរ លោកជំទាវរដ្ឋមន្រ្តី ឯកឧត្តមអគ្គរាជទូត និងសហការី ទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងដំណើរបេសកកម្មរបស់ខ្លួននៅកម្ពុជា៕
អត្ថបទ៖ ចេង ឆហួត