កុំជឿមេខ្យល់! ក្រសួងការងារ អំពាវនាវអតីតពលករ កុំឆ្លងដែនទៅថៃដោយខុសច្បាប់ និងណែនាំឱ្យស្វែងរកការងារក្នុងស្រុក តាមលេខ ១២៩៧
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់អតីតពលករកម្ពុជាដែលមានបំណងធ្វើដំណើរទៅប្រទេសថៃ កុំប្រថុយឆ្លងដែនដោយខុសច្បាប់ ព្រោះអាចប្រឈមនឹងការចាប់ខ្លួន ការបញ្ជូនត្រឡប់មកវិញ និងហានិភ័យផ្សេងៗជាច្រើន ខណៈឱកាសការងារនៅក្នុងប្រទេសកំពុងមានច្រើន និងផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៤ ខែមិថុនានេះ បានលើកឡើងថា បច្ចុប្បន្ន កម្ពុជាកំពុងមានតម្រូវការកម្លាំងពលកម្មយ៉ាងច្រើនក្នុងវិស័យឧស្សាហកម្ម សេវាកម្ម សំណង់ កសិកម្ម និងវិស័យផ្សេងៗទៀត។ ទន្ទឹមនឹងនេះ កម្មករនិយោជិតដែលបម្រើការងារក្នុងស្រុក ក៏ទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម (ប.ស.ស.) ប្រាក់ឈ្នួល និងលក្ខខណ្ឌការងារកាន់តែប្រសើរផងដែរ។
អ្នកនាំពាក្យក្រសួងការងារ បានណែនាំឱ្យអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ ទៅចុះឈ្មោះស្វែងរកការងារនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ឬមជ្ឈមណ្ឌលការងារនៅតាមបណ្តាខេត្ត-រាជធានី ដើម្បីទទួលបានព័ត៌មានឱកាសការងារដោយឥតគិតថ្លៃ។ ជាមួយគ្នានេះ ពលរដ្ឋក៏អាចទាក់ទងទៅកាន់ប្រព័ន្ធទូរស័ព្ទ Hotline លេខ ១២៩៧ ដើម្បីស្វែងរកព័ត៌មានការងារផងដែរ។
លោក ស៊ុន មេសា ក៏បានអំពាវនាវដល់អតីតពលករកុំជឿតាមមេខ្យល់ ឬការអូសទាញឱ្យឆ្លងដែនដោយខុសច្បាប់ ព្រោះអាចបង្កគ្រោះថ្នាក់ដល់សុវត្ថិភាព សេរីភាព និងជីវភាពរស់នៅ។ ក្នុងករណីមានបំណងទៅធ្វើការនៅក្រៅប្រទេស គួរអនុវត្តតាមនីតិវិធីស្របច្បាប់ ដើម្បីធានាសុវត្ថិភាព និងទទួលបានសិទ្ធិស្របច្បាប់។
សូមបញ្ជាក់ថា ការអំពាវនាវនេះ ធ្វើឡើងស្របពេលអាជ្ញាធរថៃកំពុងបន្តរឹតបន្តឹងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់។ ជាក់ស្តែង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរថៃបានបញ្ជូនពលករកម្ពុជាចំនួន ៣០នាក់ តាមច្រកបានឡែម ត្រឡប់មកកម្ពុជាវិញ ខណៈពលករខ្មែរ ៦នាក់ទៀត ត្រូវបានទាហានថៃចាប់ខ្លួននៅស្រុកអារ៉ាញ់ ខេត្តស្រះកែវ កាលពីថ្ងៃទី២ ខែមិថុនា ពាក់ព័ន្ធនឹងការលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់៕