សង្គម

សម្តេចតេជោ ហ៊ុន សែន បង្ហាញចំណាររបស់សម្តេចលើលិខិតរបស់ ឯកឧត្តម គង់ វិបុល ទាក់ទងដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងថាការលូកដៃរបស់នាយករដ្ឋមន្ត្រី ចូលគាំទ្រអង្គភាពពន្ធដារ មិនត្រឹមតែមិនមែនជាកំហុសនោះទេ ប៉ុន្តែវាបង្ហាញនូវចំណុចខ្លាំង ដើម្បីជោគជ័យកំណែទម្រង់រដ្ឋ

image


ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម បានបង្ហាញចំណាររបស់សម្តេចលើលិខិតរបស់ ឯកឧត្តម គង់ វិបុល ទាក់ទងដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងថាការលូកដៃរបស់នាយករដ្ឋមន្ត្រី ចូលគាំទ្រអង្គភាពពន្ធដារ មិនត្រឹមតែមិនមែនជាកំហុសនោះទេ ប៉ុន្តែវាបង្ហាញនូវចំណុចខ្លាំង ដើម្បីជោគជ័យកំណែទម្រង់រដ្ឋ។

សម្តេចតេជោ បានសរសេរថា “ខ្ញុំទើបរកឃើញចំណាររបស់ខ្ញុំលើលិខិតរបស់ ឯកឧត្តម គង់ វិបុល ទាក់ទងដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ពិសេសការប្រមូលចំណូលចូលថវិកាជាតិ។ ការលូកដៃរបស់នាយករដ្ឋមន្ត្រី ចូលគាំទ្រអង្គភាពពន្ធដារមិនត្រឹមតែមិនមែនជាកំហុសនោះទេ ប៉ុន្តែវាបង្ហាញនូវចំណុចខ្លាំងដើម្បីជោគជ័យកំណែទម្រង់រដ្ឋដែលក្នុងនោះ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈជាគន្លឹះសម្រាប់ជោគជ័យនៃកំណែទម្រង់វិស័យផ្សេងទៀត។”

សម្តេចបន្ថែមថា ចំណារទាំង៤នេះជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្ស (ប្រាក់ខែតិចហើយអត់សាច់ប្រាក់បើកជូនទៀត) មកជាមានសាច់ប្រាក់បើកជាមួយ និងការបង្កើនបៀវត្សជូនមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ។ យើងមានសាច់ប្រាក់សម្រាប់ការវិនិយោគសាធារណៈដូចជា ផ្លូវស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ និងការចំណាយលើការអនុវត្តគោលនយោបាយគាំពារសង្គម ។ល។

ភាពធន់ខាងសេដ្ឋកិច្ចរបស់យើងបង្ហាញច្បាស់ពីដំណាក់កាលកូវីដ១៩ ឆ្នាំ២០២០ រហូតមកដល់នេះដែលយើងមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្ស និងបើកបៀវត្ស២ដងក្នុងមួយខែ ជាមួយនឹងការអនុវត្តគោលនយោបាយគាំពារសង្គម និងការវិនិយោគសាធារណៈផ្សេងទៀត។

សម្តេចប្រមុខរដ្ឋស្តីទី បញ្ជាក់ថា “ចំណាររបស់ខ្ញុំនាពេលនោះមុតជាងផ្លែដាវទៅទៀត តែខ្ញុំមិនខ្លាច មិនចុះញ៉ម ព្រោះវាជាផលប្រយោជន៍ជាតិ និងប្រជាជន។”ម្យ៉ាងទៀតប្រទេសកម្ពុជាខុសប្លែកពី ប្រទេសផ្សេងទៀត ព្រោះយើងត្រូវរៀបចំឡើងវិញទាំងអស់ក្រោយរបបប៉ុលពត ដូចនេះតម្រូវឱ្យនាយករដ្ឋមន្ត្រី មានសេចក្តីក្លាហានហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។សូមអធ្យាស្រ័យដោយចំណាររបស់ខ្ញុំអក្សរមិនស្អាតថែមទាំងខុសអក្ខរាវិរុទ្ធទៀតផង (សូមមើលអត្ថបទចម្លង)៕

អត្ថបទ៖ សន ពិសិដ្ឋ