កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀង ស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការចំនួន៧ ក្រោមមូលនិធិពិសេស នៃ កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ឆ្នាំ ២០២៦ ដែលមាន ទឹកប្រាក់ ជិត២លានដុល្លារអាម៉េរិក
ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិត ចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះ ហត្ថលេខា លើ កិច្ចព្រមព្រៀង ស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការចំនួន៧ ក្រោម មូលនិធិពិសេស នៃ កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ឆ្នាំ ២០២៦ ដែលមាន ទឹកប្រាក់ ប្រមាណ ១.៩៨០.០០០ ដុល្លារអាម៉េរិក។
គម្រោងទាំង៧នោះរួមមាន៖
១. សហគ្រាសកសិករផលិតផ្សិតដើម្បីកាត់បន្ថយភាពក្រីក្រនៅខេត្តកណ្តាល
២. ការរួមបញ្ចូលគ្នានៃការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងចែកចាយទឹកស្អាតដើម្បីអនាគត ទាំងអស់គ្នា - ដំណាក់កាលទី២
៣. ការពង្រីកលទ្ធភាពឈានចូលទីផ្សារតំបន់តាមរយៈនវានុវត្តន៍សំបកវេចខ្ចប់ នៅក្នុងបណ្តាប្រទេសមេគង្គ-ឡានឆាង
៤. គម្រោងលុបបំបាត់ជំងឺរលាកថ្លើម
៥. ឌីជីថលូបនីយកម្មទេសចរណ៍សហគមន៍មេគង្គ-ឡានឆាង៖ ការត្រៀមខ្លួនសម្រាប់ទទួល ភ្ញៀវទេសចរចិន
៦. ការពង្រឹងសមត្ថភាពបច្ចេកវិទ្យាបៃតង និងបរិវត្តកម្មឌីជីថល សម្រាប់វិស្វករក្នុងបណ្តាប្រទេស អនុតំបន់មេគង្គ
៧. ពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា៖ គម្រោងការលើកកម្ពស់សមត្ថភាពទិន្នន័យទឹក និង កិច្ចសន្ទនាថ្នាក់តំបន់ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។
គម្រោងទាំងនេះ នឹងរួមចំណែកដល់ការជំរុញការអភិវឌ្ឍជាតិជាអាទិភាពរបស់កម្ពុជា លើវិស័យផ្សេងៗ រួមមាន ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍជនបទ សុខាភិបាល ទេសចរណ៍ និងបរិវត្តកម្មឌីជីថល។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០១៧ កម្ពុជាទទួលបានការគាំទ្រថវិកាសម្រាប់គម្រោងចំនួន ១១៣ ក្រោមមូលនិធិ ពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕
អត្ថបទ៖ សន ពិសិដ្ឋ