សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្រចាំកម្ពុជា ប្តេជ្ញាបន្តកិច្ចសហការរលើក កម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយលោកស្រី វ្ល៉ាដាន់កា អាន់ដ្រេវ៉ា (Vladanka An dree va) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា នៅវិមានរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកស្រី វ្ល៉ាដាន់កា អាន់ដ្រេវ៉ា និងសហការី ដែលបាននិងកំពុងបំពេញបេសកកម្មការងារនៅកម្ពុជា។ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្នាក់ងារសហប្រជាជាតិ និងអង្គការដៃគូនានា ដែលបានចូលរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍនៅកម្ពុជានាពេលកន្លងមក គិតចាប់តាំងពីដំណាក់កាលស្វែងរកសន្តិ ភាព ស្តារ កសាង និងអភិវឌ្ឍប្រទេសកម្ពុជា។
សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ចំពោះភ្នាក់ងារសហប្រជាជាតិ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានចាត់ថា ភ្នាក់ងារ UN ជាដៃគូដ៏សំខាន់របស់កម្ពុជា។ ជាក់ស្តែងថ្មីៗនេះ ក្រោមកិច្ចសហការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីមូលនិធិសហប្រជាជាតិដើម្បីប្រជាជន និងការអភិវឌ្ឍ (UNFPA) និងអង្គការសហប្រជាជាតិដើម្បីស្រ្តី (UN Women) បានសហការជាមួយគណៈកម្មការទី៨ របស់រដ្ឋសភា រៀបចំកម្មវិធី«សភាត្រាប់» សំដៅលើកកម្ពស់សិទ្ធិ និងចំណេះដឹងដល់យុវជន និងយុវតីកម្ពុជា ក្នុងភាពជាអ្នកដឹកនាំ។
កម្មវិធីសភាត្រាប់នេះ ទទួលបានជោគជ័យនិងទទួលបាននូវការគាំទ្រនិងចំបណាប់ អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ជាពិសេសពីសំណាក់យុវជន។
សម្តេចបានគូសបញ្ជាក់ថា នៅកម្ពុជាសម្តេចតេជោ ហ៊ុន សែន ជាបិតាក្នុងការលើកកម្ពស់សមភាពយេនឌ័រ ហើយក្នុងនីតិកាលបន្ទាប់នេះ សម្តេចបានប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្កើនចំនួនស្រ្តី ក្នុងតួនាទីសម្រេចចិត្តឱ្យបានកាន់តែច្រើនបន្ថែមទៀត។
ចក្ខុវិស័យនេះ ត្រូវបានបន្តអនុវត្តយ៉ាងខ្លាំងក្លានៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដោយបានចាត់ទុកថាស្រ្តីជាឆ្អឹងខ្នងសេដ្ឋ កិច្ចនិងសង្គម។ សម្តេចធិបតី បានលើកឡើងថា ពិភពលោក នឹងកាន់តែមានសុវត្ថិភាពស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាកម្ពុជា កំពុងបោះជំហានកាន់តែខិតជិត គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរ ភាពសហប្រជាជាតិ (SDGs) និងចក្ខុ វិស័យរបស់ខ្លួន ឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្រោយពីបានផ្តល់សច្ចាប័នលើរបៀបវារៈ គោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពឆ្នាំ២០៣០ នាឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំសម្របសម្រួល និងអនុវត្តគោលដៅអភិវឌ្ឍន៍ SDGs ឱ្យស្របទៅនឹងអាទិភាពជាតិ។ ក្របខណ្ឌនេះ បានក្លាយ ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការ រៀបចំផែនការអភិវឌ្ឍន៍ជាតិ និងផែនការតាមវិស័យ រួមទាំងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) ផងដែរ។
ពាក់ព័ន្ធនឹងវិស័យសក្ដានុពល នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា និងទីភ្នាក់ងារអង្គការសហប្រជាជាតិ សម្តេចបានមានប្រសាសន៍ថាគួរតែបន្តពង្រីកវិសាលភាពនៃកិច្ចសហការបន្ថែមទៀត លើការ អនុវត្តអាទិភាពគន្លឹះដែលផ្សារភ្ជាប់ទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព (SDGs) ជាពិសេស សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ការធ្វើបរិវត្តកម្មឌីជីថល បញ្ញាសិប្បនិម្មិត (AI), ការប្រែប្រួលអាកាសធាតុ, ការអភិវឌ្ឍបៃតង និងការអភិវឌ្ឍយុវជន ជាដើម។
សម្តេចរដ្ឋសភាធិបតី មានប្រសាសន៍ថា នៅក្នុងនីតិកាលទី៧នេះ រដ្ឋសភាបានផ្តោតការយកចិត្តទុកដាក់លើការពង្រឹង និងអភិវឌ្ឍស្ថាប័នជាសភាឌីជីថល និងការពង្រឹងសមត្ថភាពមន្ត្រីដើម្បីផ្តល់សេវានិងបច្ចេកទេសកាន់តែល្អប្រសើរដល់តំណាងរាស្ត្រដើម្បីបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានកាន់តែប្រសើរ និងមានប្រសិទ្ធភាព។ ក្នុងនោះអគ្គលេខា ធិការដ្ឋានក៏បានប្រុងប្រៀបបង្កើតអង្គ ភាពស្រាវជ្រាវនិងបណ្តុះបណ្តាល និងជំរុញលើកកម្ពស់សមត្ថភាពមន្ត្រី និងទីស្នាក់ការតំណាងរាស្រ្តខេត្ត ក្រុង ដែលជាអ្នកផ្តល់សេវាជាប់ជាមួយនឹងប្រជា ពលរដ្ឋឱ្យកាន់រហ័ស និងមានប្រសិទ្ធ ភាព។
សម្តេចមានការជឿជាក់យ៉ាងមុតមាំថា បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកម្លាំងចលករដ៏មានឥទ្ធិពល ក្នុងការជួយជំរុញវឌ្ឍនភាពរបស់យើង ឆ្ពោះទៅរកសេដ្ឋកិច្ចមួយដែលមានផលិតភាពខ្ពស់ និងផ្អែកលើនវានុវត្តន៍ជាគោល។
សម្តេចប្រធានរដ្ឋសភា បានជម្រាបជូន លោកស្រី អំពីបច្ចុប្បន្នភាពពាក់ព័ន្ធនឹងស្ថានភាពទំនាស់ព្រំដែនកម្ពុជា-ថៃ និងការសម្រេចរបស់កម្ពុជាក្នុងការផ្តល់សច្ចាប័នលើច្បាប់សមុទ្រ ក៏ដូចជាការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Com pulsory Conciliation) ក្រោមអនុ សញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។
សម្តេច បានសង្កត់ ធ្ងន់លើជំហរដ៏រឹងមាំ និងមិនកែប្រែរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែក លើច្បាប់អន្តរជាតិ អនុសញ្ញាសន្ធិសញ្ញាពាក់ព័ន្ធ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់៕
អត្ថបទ៖ វង សុភ័ក្ត្រ