ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដឹកនាំដើរ ២ ៧០០ជំហាន ដើម្បីប្រមូលថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា

image

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានដឹកនាំពិធីដើរកម្សាន្ត ២ ៧០០ជំហាន ដើម្បីប្រមូលថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា។ ការរៀបចំពិធីដើរនេះដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាទារក និងកុមារកម្ពុជា។

ពិធីនេះស្របតាមការអំពាវនាវរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងអំឡុងពិធីបើក «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ និងពិធីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ព្រឹត្តិការណ៍នេះក៏ធ្វើឡើងដើម្បីកីឡា ផ្សាភ្ជាប់នឹងសកម្មភាពមនុស្សធម៌ ជាពិសេសដើម្បីបំផុស «ស្មារតីខ្មែរ ជួយខ្មែរ» ឱ្យកាន់តែទូលំទូលាយ ដែលជាផ្នែកមួយនៃយុទ្ធនាការ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ មូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ។ ម្យ៉ាងវិញទៀតបង្កើន និងពង្រឹងសាមគ្គីភាពរវាងថ្នាក់ដឹកនាំ, មន្ត្រីរាជការ, និងបុគ្គលិកនៃបណ្តាអង្គភាពខាងលើ ក៏ដូចជាដើម្បីផ្សារភ្ជាប់កីឡា និងសកម្មភាពមនុស្សធម៌។

សូមបញ្ជាក់ថា ពិធីដើរកម្សាន្ត ២ ៧០០ជំហាននេះបានធ្វើឡើងនៅពហុកីឡដ្ឋានមរតកតេជោ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីរាជការ វិស័យឯកជន និងប្រជាពលរដ្ឋ ចូលរួមប្រមាណ ១ ៦០០នាក់។ នេះជាព្រឹត្តិការណ៍លើកទី១ របស់គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំអគ្គនាយកដ្ឋាន និងអង្គភាពនានា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នមួយចំនួនទៀតក្រោមឱវាទរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងគាំទ្រ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ដែលជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា៕