ព័ត៌មានអន្តរជាតិ

ឥណ្ឌា ប្រកាសជំហរម៉ឺងម៉ាត់ជុំវិញការទិញប្រេងឥន្ធនៈលើទីផ្សារសកលលោក ចំពេលមានវិបត្តិនៅមជ្ឈិមបូព៌ា

image

ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌាបានប្រកាសពីគោលជំហរដាច់ខាត និងយ៉ាងម៉ឺងម៉ាត់នៅក្នុងការបន្តបញ្ជាទិញប្រេងឥន្ធនៈពីគ្រប់ប្រភព និងគ្រប់ទីកន្លែងទាំងអស់នៅលើពិភពលោក ដោយមិនប្រកាន់ថារុស្ស៊ី ឬវេណេហ្ស៊ូអេឡានោះទេ ឱ្យតែប្រភពទាំងនោះផ្តល់នូវតម្លៃធូរថ្លៃ និងអំណោយផលដល់សេដ្ឋកិច្ចជាតិ ។

 

ការប្រកាសជំហរនេះ ធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា លោក ស្រ៊ី រូដ្រិន្ទ្រ ថាន់ដុន (Shri Rudrendra Tandon) នៅក្នុងសន្និសីទសារព័ត៌មានមួយ នាទីក្រុងញូវដេល្លី កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលោកត្រូវអ្នកកាសែតចោទសួរដេញដោលយ៉ាងក្តៅគគុកពីលទ្ធភាពដែលឥណ្ឌាអាចនឹងបោះបង់ប្រេងរុស្ស៊ី ដើម្បីងាកទៅរកវេណេហ្ស៊ូអេឡាជំនួសវិញ ។

 

លោក ថាន់ដុន បានពន្យល់ថា វិបត្តិជម្លោះ និងភាពតានតឹងដ៏រ៉ាំរ៉ៃនៅតំបន់មជ្ឈិមបូព៌ា បានក្លាយជាសម្ពាធបង្ខំឱ្យរដ្ឋាភិបាលបណ្តាប្រទេសនានា រួមទាំងឥណ្ឌាផងដែរ ត្រូវតែដើរយុទ្ធសាស្ត្រវាយលុកយ៉ាងសកម្ម ក្នុងការស្វែងរកប្រភពផ្គត់ផ្គង់ថាមពលថ្មីៗឱ្យបានច្រើន ដើម្បីធានាឱ្យបាននូវសន្តិសុខថាមពលជាតិ ។

 

មន្ត្រីជាន់ខ្ពស់ឥណ្ឌារូបនេះ ក៏បានបង្ហាញពីសារសំខាន់នៃប្រទេសវេណេហ្ស៊ូអេឡា ដោយសារតែប្រទេសនេះ មានធនធានប្រេងបម្រុងដ៏មហាសាល ដែលឆ្លើយតបទៅនឹងតម្រូវការថាមពលរបស់ឥណ្ឌា ខណៈបច្ចុប្បន្ន វេណេហ្ស៊ូអេឡាបានក្លាយជាប្រភពផ្គត់ផ្គង់ប្រេងដ៏ធំបំផុតលំដាប់ទី៣ ឬទីបួនរបស់ឥណ្ឌាទៅហើយ ។

 

ក្រៅតែពីកិច្ចសហប្រតិបត្តិការលើវិស័យប្រេងឥន្ធនៈ ភាគីឥណ្ឌា និងវេណេហ្ស៊ូអេឡា ក៏បានបើកកិច្ចពិភាក្សាស៊ីជម្រៅទៅលើការបើកឱកាសវិនិយោគរួមគ្នា លើវិស័យធនធានរ៉ែដ៏មានតម្លៃផ្សេងទៀតផងដែរ រួមមានដូចជាការធ្វើអាជីវកម្មរ៉ែមាស រ៉ែពេជ្រ និងបណ្តារ៉ែយុទ្ធសាស្ត្រសំខាន់ៗជាច្រើនទៀត ។

 

ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ កាន់តែមានភាពជិតស្និទ្ធ ក្រោយការចូលមកដល់នៃដំណើរទស្សនកិច្ចជាន់ខ្ពស់ដែលដឹកនាំដោយប្រធានាធិបតីស្ដីទីវេណេហ្ស៊ូអេឡា លោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេស (Delcy Rodriguez) ដើម្បីស្តារទីផ្សារប្រេងរបស់ខ្លួនឡើងវិញ បន្ទាប់ពីធ្លាប់ត្រូវកាត់ផ្តាច់ដោយសារតែទណ្ឌកម្មពីសំណាក់សហរដ្ឋអាម៉េរិក កាលពីឆ្នាំ២០២០ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ oilandgasiq on Microsoft Bing/ VIORY