ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន ព្រមានពីវិបត្តិប្រជាសាស្ត្រយ៉ាងធ្ងន់ធ្ងរ ក្រោយអត្រាកំណើតទារកធ្លាក់ចុះដល់កម្រិតទាបបំផុត

image


ជប៉ុន៖ ប្រទេសជប៉ុនកំពុងតែប្រឈមមុខនឹងវិបត្តិប្រជាសាស្ត្រយ៉ាងធ្ងន់ធ្ងរ ខណៈដែលលោកស្រីនាយករដ្ឋមន្ត្រីជប៉ុន សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) បានចាត់ទុកការធ្លាក់ចុះនៃអត្រាកំណើតទារកនៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះ ថាជា «ភាពអាសន្នដ៏ស្ងាត់ស្ងៀម» និងគួរឱ្យព្រួយបារម្ភជាទីបំផុត ដែលទាមទារឱ្យមានការដោះស្រាយជាបន្ទាន់ ។
 
ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលជប៉ុនរូបនេះ ធ្វើឡើងនៅក្នុងឱកាសដែលបណ្តាសមាជិកសភាជាតិ បានបើកកិច្ចពិភាក្សាដេញដោលគ្នាយ៉ាងម៉ឺងម៉ាត់ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការថវិកាមួយ នៅឯទីក្រុងតូក្យូ ដើម្បីពិនិត្យមើលទៅលើទស្សនវិស័យ និងផលប៉ះពាល់អវិជ្ជមាននៃវិបត្តិប្រជាសាស្ត្រ ដែលកំពុងតែគំរាមកំហែងដល់សេដ្ឋកិច្ច និងសង្គមជាតិរបស់ជប៉ុនទាំងមូល ។
 
ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន បានដាក់ចេញនូវគោលនយោបាយអាទិភាពជាច្រើន ដោយក្នុងនោះរដ្ឋាភិបាល គ្រោងនឹងស្វែងរកវិធីសាស្ត្របង្កើនប្រាក់ចំណូលជាក់ស្តែងរបស់យុវជនឱ្យបានច្រើនបំផុត តាមតែអាចធ្វើទៅបាន ដើម្បីបើកផ្លូវ និងជួយជំរុញឱ្យពួកគេសម្រេចក្តីស្រមៃក្នុងការរៀបការ និងកសាងគ្រួសារយកកូនប្រកបដោយភាពងាយស្រួល ។
 
ក្រៅពីការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ស្រទាប់យុវជន លោកស្រី តាកាអ៊ិឈិ ក៏បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ ទៅលើបញ្ហាសង្គម ដោយបានសន្យាថានឹងបង្កើន និងពង្រឹងប្រព័ន្ធគាំទ្រពីរដ្ឋាភិបាលបន្ថែមទៀត ទៅកាន់ឪពុកម្តាយទាំងឡាយណាដែលកំពុងតែជួបការលំបាក និងប្រឈមនឹងភាពឯកោខ្លាំង ក្នុងការចិញ្ចឹមកូនៗតែម្នាក់ឯង ។
 
វិបត្តិនេះបានកើតឡើងស្របពេលដែលជប៉ុនកំពុងមានល្បឿនប្រជាជនវ័យចំណាស់លឿនបំផុតមួយនៅលើពិភពលោក ខណៈទិន្នន័យផ្លូវការពីក្រសួងសុខាភិបាលជប៉ុន បានបង្ហាញថា អត្រាបង្កកំណើតប្រចាំឆ្នាំបានធ្លាក់ចុះមកនៅត្រឹម ១.១៤ (ជាអត្រាដែលបង្ហាញថា ស្ត្រីម្នាក់ៗសឹងតែមិនមានកូនដល់ ២ នាក់ឡើយ) ដោយនេះ គឺជាកម្រិតទាបបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដែលមានទារកកើតថ្មីត្រឹមតែ ៦៧ ម៉ឺននាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Mainichi/ Adobe Stock Photo