ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី ប្រកាសត្រៀមខ្លួនបើកបង្ហូរឧស្ម័នធម្មជាតិទៅឱ្យអាល្លឺម៉ង់ បើប្រទេសនេះឈរនៅលើការសម្រេចចិត្តដោយឯករាជ្យ

image


 
រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពុទីន បានប្រកាសជាសាធារណៈថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការបើកបង្ហូរឧស្ម័នធម្មជាតិទៅកាន់ប្រទេសអាល្លឺម៉ង់ សូម្បីតែនៅថ្ងៃស្អែក តាមរយៈបណ្តាញបំពង់បង្ហូរប្រេងណតស្ទ្រីម២ (Nord Stream 2) មួយខ្សែ ដែលនៅសេសសល់ពីការបំផ្ទុះ ។
 
មេដឹកនាំរុស្ស៊ី គូសបញ្ជាក់ថា កត្តាដែលរារាំងមិនឱ្យការបង្ហូរឧស្ម័នអាចដំណើរការទៅរួច គឺដោយសារតែរដ្ឋាភិបាលទីក្រុងប៊ែកឡាំង ខ្វះឯករាជ្យភាពក្នុងការសម្រេចចិត្ត និងមិនហ៊ានងាកចេញពីគំនាបទណ្ឌកម្មរបស់អាម៉េរិក ព្រោះតែត្រូវរងឥទ្ធិពលពីការបង្គាប់បញ្ជារបស់សហភាពអឺរ៉ុប ។
 
មេដឹកនាំរុស្ស៊ីរូបនេះ ក៏បានច្រានចោលការចោទប្រកាន់ដែលថា រុស្ស៊ីជាអ្នកកាត់ផ្តាច់ថាមពលទៅកាន់អឺរ៉ុប ដោយលោកបានវាយបកវិញថា គឺបណ្តាប្រទេសអឺរ៉ុបខ្លួនឯងទេដែលស្ម័គ្រចិត្តបដិសេធមិនទិញឧស្ម័នរបស់រុស្ស៊ី ក្នុងគោលបំណងចង់ឱ្យសេដ្ឋកិច្ចទីក្រុងម៉ូស្គូដួលរលំ ។
 
ទាក់ទិននឹងដំណើរការស្វែងរកសន្តិភាព លោក ពុទីន បានបង្ហាញជំហរមិនទុកចិត្តលើសហភាពអឺរ៉ុប ក្នុងការដើរតួជាអ្នកសម្របសម្រួលជម្លោះនេះឡើយ ព្រោះអឺរ៉ុបបានលូកដៃចូលរួមក្នុងសង្គ្រាមដោយផ្ទាល់ តាមរយៈការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន និងចង់ឃើញរុស្ស៊ីទទួលរងនូវភាពបរាជ័យ ។
 
បន្ថែមពីនេះ លោក ពុទីន ក៏បានបង្ហាញចំណាប់អារម្មណ៍លើការហក់ឡើងនៃប្រជាប្រិយភាពរបស់គណបក្សប្រឆាំងអាល្លឺម៉ង់ (AfD) ដោយលោកយល់ឃើញថា នេះជាសញ្ញាបង្ហាញថាប្រជាជនអាល្លឺម៉ង់ កំពុងគាំទ្រមេដឹកនាំណាដែលហ៊ានក្រោកឈរការពារផលប្រយោជន៍សេដ្ឋកិច្ចជាតិពិតប្រាកដ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (Dmitri Lovetsky/AP)/ ITAR-TASS via Wikimedia Commons.