តំណាងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំយកថវិកាសមាគមសិល្បករខ្មែរ ២០លានរៀល ឧបត្ថម្ភមន្ទីរពេទ្យកុមារអង្គរ បន្ទាប់ពីទើបឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផា ២០លានរៀល
សៀមរាប៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានចាត់តំណាងដឹកនាំដោយ ឧកញ៉ា គិត លីច័ន្ទផាន់ណា អនុប្រធានសមាគមសិល្បករខ្មែរ នាំយកថវិកាចំនួន ២០លានរៀលដើម្បីឧបត្ថម្ភជូនមន្ទីរពេទ្យកុមារអង្គរ ក្នុងស្មារតីរួមចំណែកជួយដល់ដំណើរការមន្ទីរពេទ្យប្រកបដោយនិរន្តរភាព ពិសេសដើម្បីរួមចំណែកជួយដល់កុមារដែលជាអនាគតនៃប្រទេសជាតិ។
ការនាំយកថវិកានេះត្រូវបានរៀបចំឡើងតែ៣ថ្ងៃ បន្ទាប់ពីសមាគមសិល្បករខ្មែរ ទើបតែនាំយកថវិកាចំនួន ២០លានរៀលបរិច្ចាគជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ កន្លងមកថ្មីៗនេះ។
ឧកញ៉ា គិត លីច័ន្ទផាន់ណា បានបញ្ជាក់ថា ទិសដៅរបស់សមាគមសិល្បករខ្មែរ គឺជាចលករមួយក្នុងការរួមចំណែកអភិរក្ស ថែរក្សា អភិវឌ្ឍ និងលើកកម្ពស់វិស័យសិល្បៈ វប្បធម៌កម្ពុជា ដែលសមាគមបាននិងកំពុងធ្វើយ៉ាងសកម្មទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
ឧកញ៉ាអនុប្រធាន បានបន្ថែមថា ទន្ទឹមនឹងនោះ សមាគម និងសិល្បករសិល្បការិនីទាំងអស់ក៏មានស្មារតី និងបេះដូងរួមគ្នាមួយ គឺរួមចំណែកគ្រប់មធ្យោបាយក្នុងការជួយដល់កិច្ចការងារសង្គម។
ជាក់ស្តែងការរួមចំណែកជួយដល់សុខមាលភាពកុមារនៅពេលនេះ ជាការគិតគូរប្រកបដោយចក្ខុវិស័យមួយសម្រាប់អនាគត។ កុមារគឺជាអ្នកស្នង អ្នកបន្តវេន និងទទួលខុសត្រូវលើអនាគតប្រទេសជាតិ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១៥ សីហា ឆ្នាំ២០២៤ កន្លងមក លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ ក៏ធ្លាប់បានដឹកនាំក្រុមការងារ នាំយកថវិកាចំនួន២៥លានរៀល ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប ផងដែរ។ នៅក្នុងនោះ ថវិកាចំនួន៥លានរៀល ជាថវិការបស់សមាគមសិល្បករខ្មែរ។ រីឯថវិកាចំនួន២០លានរៀលទៀត ជាថវិការបស់លោកជំទាវអ្នកឧកញ៉ាផ្ទាល់ខ្លួន៕