ព័ត៌មានជាតិ

ខេត្តត្បូងឃ្មុំ បន្តចុះបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scams) និងការស្នាក់នៅខុសច្បាប់ ឃាត់ខ្លួនជនបរទេស ២៣ នាក់ នៅស្រុកពញាក្រែក

image

ត្បូងឃ្មុំ៖ កម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បន្តចុះបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scams) ជាវិធានការក្តៅ «ដូចភ្លៀងរលឹម» បន្តធ្វើឡើងយ៉ាងម៉ឺងម៉ាត់ បានបើកប្រតិបត្តិការចុះធ្វើរដ្ឋបាលចំហរត្រួតពិនិត្យតាមផ្ទះវីឡា ផ្ទះសំណាក់ និងបន្ទប់ជួល ក្នុងភូមិសាស្ត្រស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាទី ៥ ខែមិថុនា ឆ្នាំ ២០២៦ ដោយរកឃើញ និងឃាត់ខ្លួនជនបរទេសស្នាក់នៅខុសច្បាប់ចំនួន ២៣ នាក់ ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលផ្ទាល់ពីតំណាងអយ្យការអមសាលាដំបូងខេត្ត ។ កម្លាំងចម្រុះដែលបានចូលរួមធ្វើប្រតិបត្តិការ រួមមាន ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងអាជ្ញាធរមូលដ្ឋាន ។

ជាលទ្ធផលនៅក្នុងការចុះត្រួតពិនិត្យទីតាំងបន្ទប់ជួលចំនួន ៣ កន្លែង ស្ថិតក្នុងភូមិត្រពាំងផ្លុងទី ២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក (រួមមានបន្ទប់សរុប ៨៨ បន្ទប់ ទូកុងទឺន័រចំនួន ៩ ទូ អាហារដ្ឋានចំនួន ១ និងផ្ទះបាយចំនួន ២) អាជ្ញាធរបានរកឃើញជនបរទេសស្នាក់នៅចំនួន ២៣ នាក់ (ក្នុងនោះមានស្រី ៣ នាក់) ភ្លាមៗនោះ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ភ្លាមៗដើម្បីធ្វើការសាកសួរ និងអនុវត្តនីតិវិធី ។ 

ជាមួយគ្នានោះ ក្រុមការងារបានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាស្របតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល និងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។

បច្ចុប្បន្នកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កំពុងបន្តសកម្មភាពស្រាវជ្រាវ និងត្រួតពិនិត្យយ៉ាងក្តៅគគុកលើទីតាំងសង្ស័យនានា គ្របដណ្តប់ទូទាំង ៧ ក្រុង-ស្រុក ក្នុងខេត្តត្បូងឃ្មុំ ដើម្បីបោសសំអាតបទល្មើសបច្ចេកវិទ្យា (Online Scams) បទល្មើសគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសង ឱ្យអស់ពីទឹកដីខេត្តត្បូងឃ្មុំ មិនឱ្យកើតមានឡើងជាដាច់ខាត ៕ 

ដោយ៖ សុខ ផន