អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អមដំណើរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី៣ (ASEAN Future Forum-AFF) នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងជួបប្រជុំពិភាក្សាការងារជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ព្រមទាំងរៀបចំជំនួបពាណិជ្ជកម្ម ដើម្បីធុរជននៃប្រទេសទាំងពីរបានជួប ពិភាក្សា និងស្វែងរកដៃគូសហការ។
ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញធ្វើទស្សនកិច្ចនៅតាម បណ្តាក្រុមហ៊ុនធំៗមួយចំនួននៅទីក្រុងហាណូយ ជាពិសេសក្នុងវិស័យផលិតគ្រឿងបង្គំអេឡិចត្រូនិក ព្រមទាំងចូលរួម ក្នុងជំនួបពាណិជ្ជកម្មផ្សេងៗទៀត ដើម្បីសិក្សា និងស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគរវាង ប្រទេសទាំងពីរបន្ថែមទៀត៕