ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី៖ គណបក្សប្រជាជនកម្ពុជាអាចសម្រេចជោគជ័យ នៅក្នុងគ្រប់ការប្រកួតប្រជែងបែបប្រជាធិបតេយ្យ គឺអាស្រ័យដោយគណបក្សប្រជាជនកម្ពុជាខ្លួនឯង ដែលបានខិតខំធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុជាតិ និងប្រជាជន

image

កំពង់ស្ពឺ៖ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាអាចសម្រេចជោគជ័យនៅក្នុងគ្រប់ការប្រកួតប្រជែងបែបប្រជាធិបតេយ្យ គឺអាស្រ័យដោយគណបក្សប្រជាជនកម្ពុជាខ្លួនឯង ដែលបានខិតខំធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិ និងប្រជាជន។ ការលើកឡើងដូច្នេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការគណបក្សឃុំស្តុក និងប្រកាសបញ្ចូលសមាជិកគណបក្សថ្មីរបស់គណបក្សប្រជាជនកម្ពុជាចំនួន៣៣៨នាក់ នៃឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦។

លោក ហ៊ុន ម៉ានី បានលើកឡើងដោយគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនមែនជាគណបក្សដែលល្អឥតខ្ចោះនោះទេ តែក៏គ្មានគណបក្សណាអាចជំនួសគណបក្សប្រជាជនកម្ពុជាបាននោះដែរ។ ដូច្នេះមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលអាចផ្តល់ក្តីសង្ឃឹម ពឹងពាក់បាននិងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ ក្នុងនេះសមាជិកបក្សគ្រប់រូប ដែលជាគ្រឿងបង្គុំនៃអង្គការចាត់តាំងបក្សពីលើដល់ក្រោម និងជាកម្លាំងប្រតិបត្តិករនៃកម្មវិធីនយោបាយរបស់គណបក្ស និងដើរតួរជាកម្លាំងប្រតិបត្តិករដ៏សំខាន់របស់គណបក្ស ក្នុងការធានាបាននូវការគោរពបុព្វហេតុដ៏ត្រឹមត្រូវ និងប្រសិទ្ធភាពនៃបេសកកម្មរបស់គណបក្សក្នុងការបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

ជាមួយនោះ លោក ហ៊ុន ម៉ានី ក៏បានណែនាំដល់យុវជនគណបក្សប្រជាជនកម្ពុជាទាំងអស់ គប្បីត្រូវខិតខំបន្តក្តាប់ជាប់សភាពការណ៍ ជាពិសេសបញ្ហាសតិអារម្មណ៍របស់សកម្មជនបក្ស និងសមាជិកបក្ស ក៏ដូចជាមហាជនទាំងមូលដើម្បីយកធ្វើជាមូលដ្ឋានក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ និងដើម្បីពន្យល់បកស្រាយ អំពីគុណសម្បត្តិរបស់បក្សជូនពួកគាត់ឱ្យបានយល់កាន់តែច្បាស់ និងមានលំនឹងជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ 

មួយវិញទៀត យើងក៏ត្រូវយកចិត្តទុកដាក់ផងដែរលើការបណ្តុះបណ្តាលសកម្មជនយុវជនបក្សក្នុងរចនាសម្ព័ន្ធបក្ស ក៏ដូចជាសមាជិកថ្មីដែលបានស្ម័គ្រចិត្តចូលរួមជីវភាពជាមួយគណបក្សឱ្យបានយល់កាន់តែច្បាស់អំពីប្រវត្តិ បុព្វហេតុ កម្មវិធីនយោបាយ ស្នាដៃ និងសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជា សំដៅបង្កើនភាពកក់ក្តៅ ជំនឿទុកចិត្ត និងការពេញចិត្តក្នុងការរស់នៅក្រោមម្លប់នៃសុខសន្តិភាព។

ក្នុងនោះ លោក ហ៊ុន ម៉ានី បានរំឭកផងដែរថា អត្រានៃចំនួនអ្នកបានទៅបោះឆ្នោតក្នុងឆ្នាំ២០២៣កន្លងទៅដែលបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវការគាំទ្រនៃដំណើរការលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ក៏ដូចជាការជ្រើសរើសយកឱកាសនៃសុខសន្តិភាព និងស្ថិរភាពដែលកំពុងមានសព្វថ្ងៃនេះ ជាពិសេសការយល់ច្បាស់អំពីតួនាទីក្នុងនាមជាពលរដ្ឋល្អ ដែលត្រូវអនុវត្តសិទ្ធិនយោបាយក្នុងការជ្រើសរើសអ្នកដឹកនាំដែលខ្លួនពេញចិត្ត និងជឿជាក់ ជាពិសេសជំនឿទុកចិត្តលើ សម្តេចតេជោ សម្តេចធិបតី ប្រធានគណបក្ស ថ្នាក់ដឹកនាំបក្សនិងថ្នាក់ដឹកនាំមូលដ្ឋាន ដើម្បីបន្តថែរក្សាការពារឱកាសគ្រប់បែបយ៉ាងក្រោមដំបូលនៃសន្តិភាព៕

អត្ថបទ៖ ប៊ុត សារុន