កម្ពុជា-អាម៉េរិក សម្រេចកិច្ចព្រមព្រៀង «បើកចំហជើងមេឃ» ក្រោយចរចា ១២ឆ្នាំ បើកទំព័រថ្មីសម្រាប់វិស័យអាកាសចរណ៍ និងវិនិយោគ
ភ្នំពេញ៖ កម្ពុជា និងសហរដ្ឋអាម៉េរិក បានសម្រេចជាប្រវត្តិសាស្ត្រលើកិច្ចព្រមព្រៀង «បើកចំហជើងមេឃ» (Open Skies Agreement) បន្ទាប់ពីការចរចាអស់រយៈពេល ១២ឆ្នាំ ដែលត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងជំរុញការអភិវឌ្ឍវិស័យអាកាសចរណ៍ ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគរវាងប្រទេសទាំងពីរ។
ការសម្រេចនេះ ធ្វើឡើងក្នុងជំនួបរវាង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Hunt VanderToll ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិក ទទួលបន្ទុកការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
ជំនួបនេះ ក៏មានការអញ្ជើញចូលរួមផងដែរពី លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក Benjamin Chiang ភារធារីស្ថានទូតអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ។
យោងតាមការលើកឡើងរបស់ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា ជំនួបនេះមានអត្ថន័យយុទ្ធសាស្ត្រខ្ពស់ និងផ្តល់សញ្ញាវិជ្ជមានសម្រាប់អនាគតនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ជាពិសេសក្នុងវិស័យអាកាសចរណ៍ និងការវិនិយោគ។
លោកបានគូសបញ្ជាក់ថា លទ្ធផលសំខាន់ៗដែលកើតចេញពីជំនួបនេះ មានចំនួន ៣ រួមមាន ការពង្រឹងទំនុកចិត្តលើវិស័យអាកាសចរណ៍កម្ពុជា ការសម្រេចបានកិច្ចព្រមព្រៀង Open Skies Agreement និងការបង្ហាញសញ្ញាវិជ្ជមានសម្រាប់ការវិនិយោគ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
លោកបានបន្តថា ការគាំទ្ររបស់សហរដ្ឋអាម៉េរិកចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់កម្ពុជា ជាពិសេសអាកាសយានដ្ឋានអន្តរជាតិតេជោ បានបង្ហាញពីការកើនឡើងនៃការទទួលស្គាល់ និងទំនុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះសក្តានុពលរបស់កម្ពុជា ក្នុងនាមជាគោលដៅវិនិយោគ និងមជ្ឈមណ្ឌលតភ្ជាប់ផ្លូវអាកាសក្នុងតំបន់។
ចំពោះកិច្ចព្រមព្រៀង Open Skies Agreement វានឹងបង្កើតក្របខណ្ឌគោលនយោបាយ និងច្បាប់កាន់តែបើកចំហសម្រាប់ការពង្រីកការតភ្ជាប់ផ្លូវអាកាសរវាងប្រទេសទាំងពីរ។ ទោះបីជាក្នុងរយៈពេលខ្លី មិនទាន់មានជើងហោះហើរត្រង់រវាងកម្ពុជា និងសហរដ្ឋអាម៉េរិកក៏ដោយ កិច្ចព្រមព្រៀងនេះនឹងបង្កើតមូលដ្ឋានរឹងមាំសម្រាប់ការអភិវឌ្ឍសេវាហោះហើរត្រង់នាពេលអនាគត នៅពេលមានលក្ខខណ្ឌទីផ្សារសមស្រប។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបន្ថែមថា កិច្ចព្រមព្រៀងនេះនឹងផ្តល់ភាពបត់បែនកាន់តែច្រើនដល់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការរៀបចំបណ្តាញជើងហោះហើរ បង្កើតភាពជាដៃគូអាជីវកម្ម ពង្រីកកិច្ចព្រមព្រៀង Codeshare និងបង្កើនការតភ្ជាប់អន្តរជាតិឱ្យកាន់តែមានប្រសិទ្ធភាព។
លោក ស៊ីន ចាន់សិរីវុត្ថា បានវាយតម្លៃថា សារៈសំខាន់បំផុតនៃលទ្ធផលជំនួបនេះ គឺការទទួលស្គាល់ និងទំនុកចិត្តដែលសហរដ្ឋអាមេរិកបានបង្ហាញចំពោះទិសដៅអភិវឌ្ឍន៍របស់កម្ពុជា។ ការគាំទ្រចំពោះអាកាសយានដ្ឋានអន្តរជាតិតេជោ និងការសម្រេចបានកិច្ចព្រមព្រៀង Open Skies គឺជាសញ្ញាបញ្ជាក់ថា កម្ពុជាកំពុងដើរលើមាគ៌ាត្រឹមត្រូវក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ស្តង់ដារអន្តរជាតិ និងពង្រឹងការតភ្ជាប់ជាមួយពិភពលោក។
លោក បានបញ្ជាក់ទៀតថា ក្នុងរយៈពេលវែង កិច្ចព្រមព្រៀងនេះនឹងរួមចំណែកជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ និងភស្តុភារកម្មអន្តរជាតិ ព្រមទាំងគាំទ្រចក្ខុវិស័យរបស់កម្ពុជា ក្នុងការក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ និងភស្តុភារកម្មដ៏សំខាន់មួយនៅក្នុងតំបន់។
កិច្ចព្រមព្រៀង Open Skies រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ត្រូវបានចាត់ទុកថា ជាសមិទ្ធផលការទូត និងសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលនឹងជួយលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ពង្រឹងការតភ្ជាប់សកល និងទាក់ទាញវិនិយោគិន អ្នកទេសចរ និងដៃគូពាណិជ្ជកម្មអន្តរជាតិកាន់តែច្រើននាពេលអនាគត។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាម៉េរិក (DFC) បានអនុម័តហិរញ្ញប្បទានប្រមាណ ១០០លានដុល្លារអាមេរិក សម្រាប់គាំទ្រគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ដែលត្រូវបានចាត់ទុកថា ជាសញ្ញាវិជ្ជមានមួយ បង្ហាញពីការបន្តគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រនៅកម្ពុជា និងការជឿជាក់លើសក្តានុពលកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសកម្ពុជា៕