រុស្ស៊ីចោទណាតូថា មានចេតនាបំផ្លាញសន្តិភាព ក្រោយដាក់ពង្រាយទ័ព ២៥,០០០ នាក់ បើកសមយុទ្ធខ្នាតយក្សនៅតំបន់ប៉ូលខាងជើង
រុស្ស៊ី៖ តំបន់ប៉ូលខាងជើង ឬអាកទិក ដែលកាលពីមុនស្គាល់ថាជាដែនដីសន្តិភាព និងការស្រាវជ្រាវវិទ្យាសាស្ត្រនោះ ពេលនេះបានប្រែប្រួលទៅជាចំណុចក្ដៅនៃការប្រជែងគ្នារបស់មហាអំណាចយោធាទៅហើយ។ របត់ថ្មីនេះ បានកើតឡើងបន្ទាប់ពីបក្សសម្ព័ន្ធណាតូ បានចល័តកងទ័ពរហូតដល់ ២៥,០០០ នាក់ ឱ្យទៅបើកធ្វើសមយុទ្ធយោធាខ្នាតធំ ខូល រ៉េស្ប៉ុន (Cold Response) នៅភាគខាងជើងប្រទេសន័រវែស និងហ្វាំងឡង់ដ៍ ព្រមទាំងដាក់ចេញនូវបេសកកម្មល្បាត អាក់ទីកស៊ែនទ្រី (Arctic Sentry) ដោយបញ្ជូនទាំងនាវាមុជទឹក និងក្រុមកងនាវាប្រយុទ្ធទៅកាន់ទីនោះ ដែលធ្វើឱ្យតំបន់វិទ្យាសាស្ត្រ និងសន្តិភាពមួយនេះ ហាក់ក្លាយជាសង្វៀនយោធាសកលយ៉ាងដូច្នោះដែរ ។
អគ្គលេខាធិការណាតូ លោក ម៉ាក រូតេ (Mark Rutte) រួមជាមួយមេដឹកនាំអឺរ៉ុបផ្សេងទៀត បានចេញមុខគាំទ្រយ៉ាងពេញទំហឹងដល់ការបង្កើនវត្តមានយោធានេះ ដោយលើកឡើងពីភាពចាំបាច់ក្នុងការការពារកោះហ្គ្រីនលែន (Greenland) និងច្រកសមុទ្រភាគខាងជើងចេញពីអ្វីដែលពួកគេហៅថាជា «ការគំរាមកំហែង និងការបង្កើនសកម្មភាពគួរឱ្យសង្ស័យពីរុស្ស៊ី និងចិន» ។
ផ្ទុយទៅវិញ ភាគីខាងទីក្រុងម៉ូស្គូ តាមរយៈរដ្ឋមន្ត្រីការបរទេស លោក ស៊ើហ្គី ឡាវរ៉ូវ (Sergey Lavrov) និងលោកអនុរដ្ឋមន្ត្រី អាឡិចសាន់ឌើ ហ្គ្រូស្កូ (Alexander Grushko) បានវាយបកវិញចំៗថា លោកខាងលិចកំពុងតែបង្កើតរឿងបំភាន់ ដើម្បីធ្វើជារបាំងបិទបាំងមហិច្ឆតាយោធា ផ្ទុយទៅវិញ គឺបក្សសម្ព័ន្ធណាតូទៅវិញទេ ដែលបានលុបបំបាត់ចោលនូវយន្តការសន្តិភាពនៃ "ក្រុមប្រឹក្សាអាកទិក" ដោយចេតនា ដើម្បីបង្កើតជាលេសបំភាន់ ក្នុងការបង្កើតមូលដ្ឋានទ័ព និងពង្រាយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួន។
ខណៈណាតូកំពុងសម្រុកបញ្ជូនអាវុធធុនធ្ងន់ទៅភាគខាងជើង រុស្ស៊ី និងចិនបានងាកមកសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយទីក្រុងប៉េកាំងកំពុងជំរុញយុទ្ធសាស្ត្រ «ផ្លូវសូត្រតំបន់ប៉ូល» ដើម្បីពង្រីកផ្លូវពាណិជ្ជកម្មសមុទ្រ និងការរុករករ៉ែដោយសន្តិវិធី ខណៈទីក្រុងម៉ូស្គូកំពុងវិនិយោគយ៉ាងខ្លាំងលើនាវាបំបែកទឹកកកដើរដោយថាមពលនុយក្លេអ៊ែរ និងប្រព័ន្ធឧស្ម័នធម្មជាតិរាវ (LNG) ដើម្បីទាញយកសក្តានុពលសេដ្ឋកិច្ចជាប្រវត្តិសាស្ត្រពីទីក្រុងសាំងពីទើប៊ឺគ (St. Petersburg) រហូតដល់វ៉្លាឌីវ៉ូស្តុក (Vladivostok) ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖ Screenshot from RT video.