អភិបាលខេត្តកំពង់ស្ពឺ ណែនាំឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ខណៈមនុស្ស៣នាក់បានស្លាប់ និង២នាក់រងរបួសដោយបាតុភូតរន្ទះបាញ់
កំពង់ស្ពឺ៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានណែនាំដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិ ខណៈមនុស្សប្រុសស្រីចំនួន៣នាក់ ត្រូវបានស្លាប់ដោយបាតុភូតរន្ទះបាញ់ពេលកំពុងព្យួស្រែ និងក្មេងប្រុស២នាក់ផ្សេងទៀតត្រូវបាតុភូតរន្ទះបាញ់ពេលកំពុងជ្រកក្រោមដើមឈើ កាលពីពេលថ្មីៗនេះ ហើយក្នុងនោះផ្ទះជាច្រើនខ្នងក៏រងការខូចខាតដោយខ្យល់កន្ត្រាក់ផងដែរ។
លោក ជាម ច័ន្ទសោភ័ណ បានណែនាំដូចនេះ ពេលដឹកនាំក្រុមការងារនៃសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺចុះសាកសួរ និងរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងអ្នករងរបួសដែលស្ថិតក្នុងភូមិព្រៃឫស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។ លោកបានលើកឡើងថា ខែវស្សាបានចូលមកដល់ ភ្លៀងបានធ្លាក់រាយប៉ាយនៅតាមបណ្តាភូមិស្រុក ទូទាំងខេត្តកំពង់ស្ពឺ។
ជាមួយនឹងមានភ្លៀងធ្លាក់ បាតុភូតធម្មជាតិមានដូចជាខ្យល់កន្រ្តាក់ ផ្គរន្ទះ ក៏កើតមានដំណាលគ្នានោះផងដែរ ដែលទាមទារឱ្យយើងមានការប្រុងប្រយ័ត្នខ្ពស់។ ការធ្វើដំណើរ និងការព្យួររាស់ក្រោមដំណក់ទឹកភ្លៀង ពិសេសការជ្រកក្រោមដើមឈើគឺមានការប្រឈមខ្លាំងជាមួយបាតុភូតរន្ទះបាញ់ ហើយករណីនេះក៏កើតមានច្រើនរួចមកហើយដែរ។
លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា បាតុភូតធម្មជាតិពិតជាកាចសាហាវ និងអាចសម្លាប់យើងបានគ្រប់ពេលវេលា ដូច្នេះតោងឱ្យយើងមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដោយមិនត្រុវធ្វើដំណើរឬធ្វើការក្រោមដំណក់ទឹកភ្លៀងឡើយ ហើយជាងនេះពេលមានភ្លៀងផ្គរន្ទះ ក្រោមដើមឈើមិនមែនជាកន្លែងដែលមានសុវត្ថិភាពនោះទេ។
លោកក៏បានលើកឡើងដោយបញ្ជាក់បន្ថែមថា ក្រោយជួបឧបទ្ទវហេតុ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ ក៏បានណែនាំដល់អាជ្ញាធរ និងក្រុមការងារកាកបាទក្រហមចូលរួមរំលែកទុក្ខនិងនាំគ្រឿងបរិក្ខា និងបច្ច័យចូលរួមក្នុងកម្មវិធីបុណ្យផងដែរ៕
អត្ថបទ៖ ប៊ុត សារុន