សង្គម

យុវជនកម្ពុជាកាន់តែមានសមត្ថភាព! សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​

image


ភ្នំពេញ៖ សិស្ស​ជំនាញ​មេកា​និច​រថយន្ត​នៃវិទ្យាស្ថានជាតិព​ហុបច្ចេកទេសកម្ពុជា (NPIC) បានរួមគ្នាបង្កើត និងដំឡើងម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដោយ​ខ្លួនឯង ដែលមានសមត្ថភាពបោះពុម្ពវត្ថុ​កម្ពស់ជាង ១,៤០ម៉ែត្រ ដើម្បីបម្រើដល់ត​ម្រូវការនៃវិស័​យ​ឧស្សា​ហកម្ម និងការច្នៃប្រឌិត។

យុវជន ឡេ​ង សុខលីន សិស្ស​ជំនាញ​មេកា​និច​រថយន្ត បាន​ឱ្យ​ដឹងថា ម៉ាស៊ីន​បោះ​ពុម្ព 3D ខ្នាត​ធំនេះ ត្រូវបា​នដំ​ឡើ​ង​នៅ​ក្នុង​វិទ្យា​ស្ថាន​ផ្ទាល់ ដោយ​សិស្ស​ជាអ្នក​អនុវត្ត ខណៈ​គ្រឿង​បង្គំ​មួយ​ចំនួន​ត្រូវបា​នទិញ​ពីខា​ងក្រៅ។ ការ​អ​ភិវ​ឌ្ឍ​ម៉ាស៊ីននេះបានចំណាយពេលប្រមាណ ៣ខែ និង​ត្រូ​វឆ្លងកា​ត់ការធ្វើតេស្តជាច្រើនដង ដើម្បីធា​នាបា​ន​នូវ​ភាព​ត្រឹម​ត្រូវ និ​ងប្រសិទ្ធ​ភាព​ក្នុងកា​រប្រើប្រាស់។

យុវជនរូបនេះបានបញ្ជាក់ថា មូលហេតុដែល​ក្រុមកា​រងា​រ​ស​ម្រេចចិត្តបង្កើតម៉ាស៊ីននេះ គឺដោយ​សារម៉ាស៊ី​នបោះ​ពុម្ព 3D ភាគ​ច្រើ​នដែល​មាន​នៅលើទីផ្សារ មានតែ​ទំ​ហំ​តូច ខណៈ​តម្រូវការក្នុងការផលិតគំរូ ឬវត្ថុ​ដែល​មានទំ​ហំ​ធំ​កំពុងកើនឡើង។ ដូច្នេះ ការបង្កើតម៉ាស៊ីនខ្នាតធំនេះ នឹង​អាច​ជួយពង្រីកលទ្ធភាពផលិត និងប​ង្កើត​ស្នាដៃ​ថ្មីៗ​បា​នកាន់តែច្រើន។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះ​បណ្តា​លវិជ្ជាជីវៈ បានលើកឡើងថា ម៉ាស៊ីនបោះពុម្ព 3D ខ្នា​តធំនេះ អាចដើរតួនាទីសំខាន់ក្នុងការផលិតគំរូ (Prototype) សម្រាប់រោងចក្រ និងសហគ្រាស មុន​ពេល​ឈានទៅផលិតផលពេញលេញ។ វាជួ​យ​ឱ្យម្ចាស់​អា​ជី​វកម្មអាចពិនិត្យ វាយតម្លៃ និង​កែ​លម្អ​ផលិ​តផលរ​បស់ខ្លួនបានកាន់តែមានប្រសិទ្ធភាព។

លោកបានគូសបញ្ជាក់ថា៖«ស្នាដៃនេះគឺជាភស្តុតាងបង្ហាញយ៉ា​ងច្បា​ស់ពីគុណភាព​នៃការបណ្តុះប​ណ្តាល​ជំនាញប​ច្ចេក​ទេស និងវិជ្ជាជីវៈ​នៅកម្ពុជា ដែលអាចបណ្តុះធនធានមនុស្សមានសមត្ថភាពពិតប្រាកដ ឆ្លើ​យត​បនឹងតម្រូវការរបស់ទីផ្សារការងារ និងការ​អភិវ​ឌ្ឍ​​​ឧស្សាហកម្មសម័យទំនើប»។

បើតាមលោក ស៊ុន មេសា ម៉ា​ស៊ីន​បោះពុម្ព 3D ខ្នាត​ធំនេះ អាច​ប្រើ​ប្រាស់ស​ម្រាប់​ការផលិតគំ​រូផលិត​ផលធំ​ៗ ដូច​ជា គ្រឿង​សង្ហារឹម គ្រឿងអេ​ឡិ​ចត្រូនិក គ្រឿងបន្លា​ស់រថយន្ត រូបចម្លាក់ និងស្នាដៃ​សិល្បៈផ្សេងៗ។ លើសពីនេះ វាក៏អា​ច​អ​នុ​វត្តក្នុងវិស័យស្ថាបត្យកម្ម សម្រាប់​បោះពុម្ព​គំរូ​អគារ និងផ្នែកសំណង់ ព្រមទាំងវិស័យរចនា និងសិ​ល្បៈ​ផង​ដែរ។
លោក បានសង្កត់ធ្ងន់ថា សមិទ្ធផ​លនេះ មិនត្រឹមតែ​ជាស្នាដៃបច្ចេកទេ​ស​របស់​សិស្ស​ជំនា​ញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំ​ងជាស​ញ្ញាប​ង្ហា​ញ​ថា យុវជនកម្ពុជាមានសមត្ថភាព ចំណេះដឹង និង​ភាព​ច្នៃប្រឌិត អាចអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ដើម្បី​រួមចំ​ណែក​ជំរុញ​ការប្រ​កួត​ប្រជែង និងការអ​ភិវឌ្ឍសេ​ដ្ឋកិ​ច្ច​​ជា​តិឱ្យកា​ន់​តែរឹង​មាំ​នាពេលអនាគត៕