រុស្ស៊ីចុះកិច្ចព្រមព្រៀងចាប់ផ្តើមរចនាប្លង់សាងសង់ផ្លូវទម្លុះបាតសមុទ្រ តភ្ជាប់ទៅកាន់អាម៉េរិក ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងពាណិជ្ជកម្មអន្តរជាតិ
រុស្ស៊ី៖ មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី ហៅកាត់ថា RDIF បានចាប់ផ្តើមជំហានសេដ្ឋកិច្ចដ៏សំខាន់មួយ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចាប់ផ្តើមដំណាក់កាលគូសប្លង់ សម្រាប់គម្រោងសាងសង់ផ្លូវទម្លុះក្រោមបាតសមុទ្រតភ្ជាប់រុស្ស៊ី និងអាម៉េរិក។ គម្រោងនេះមិនត្រឹមតែជាការតភ្ជាប់ភូមិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រសេដ្ឋកិច្ចរយៈកាលវែង ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងពាណិជ្ជកម្មអន្តរជាតិ ។
ប្រធានមូលនិធិ RDIF លោក គីរីល ឌីមីទ្រីវ (Kirill Dmitriev) បានគូសបញ្ជាក់ថា ការវិវត្តនៃបច្ចេកវិទ្យាវិស្វកម្មទំនើបៗនាពេលបច្ចុប្បន្ន បានផ្លាស់ប្តូររូបភាពនៃគម្រោងនេះយ៉ាងខ្លាំង។ ធៀបនឹងសម័យកាលមុនៗ ការចំណាយលើការសាងសង់ត្រូវបានកាត់បន្ថយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឱ្យគម្រោងនេះចាប់ផ្តើមមានភាពទាក់ទាញ និងសមហេតុផលសម្រាប់វិស័យសេដ្ឋកិច្ច ដោយមិនមែនគ្រាន់តែជាការចំណាយដែលគ្មានផលចំណេញនោះទេ ។
ភាពជោគជ័យនៃគម្រោងនេះ ក៏អាស្រ័យលើលំហូរទុនវិនិយោគ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ លោក ឌីមីទ្រីវ បានបង្ហើបថា មិនត្រឹមតែរុស្ស៊ីនោះទេ ប៉ុន្តែដៃគូវិនិយោគ និងសហការីមួយចំនួននៅក្នុងតំបន់អាស៊ី ក៏បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការចូលរួមចំណែកក្នុងដំណើរការរចនា និងសិក្សាពីលទ្ធភាពជាក់ស្តែងនៃគម្រោងនេះផងដែរ ។
ទោះបីជាមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ក៏ដោយ ក៏គម្រោងនេះនៅតែមានបញ្ហាប្រឈមធំៗខាងហេដ្ឋារចនាសម្ព័ន្ធ។ ការតភ្ជាប់ផ្លូវក្រោមបាតសមុទ្រ ត្រូវការការវិនិយោគបន្ថែមយ៉ាងមហាសាលលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវគោកនៅសងខាងច្រកសមុទ្រទាំងក្នុងទឹកដីរុស្ស៊ី និងអាម៉េរិក។ ទាំងនេះគឺជាសំណួរដែលនៅតែបន្តបើកចំហ ដែលទាមទារឱ្យមានការសិក្សាគណនាតម្លៃឱ្យបានច្បាស់លាស់មុនពេលចាប់ផ្តើមសាងសង់ ។
ទោះបីជាស្ថានភាពនយោបាយរវាងមហាអំណាចទាំងពីរមានភាពតានតឹងក៏ដោយ ប៉ុន្តែលោក ឌីមីទ្រីវ បានបញ្ជាក់ថា មានកិច្ចសន្ទនាក្នុងន័យស្ថាបនាជាបន្តបន្ទាប់រវាងភាគីរុស្ស៊ី និងរដ្ឋបាលអាម៉េរិក។ ទំនាក់ទំនងទាំងនេះ បង្ហាញថា បើទោះបីជាគម្រោងនេះមានទំហំធំ និងស្មុគស្មាញយ៉ាងណាក៏ដោយ ក៏វាស្ថិតក្នុងចំណោមប្រធានបទសេដ្ឋកិច្ច ដែលមហាអំណាចទាំងពីរនៅតែរក្សាការបើកចំហទ្វារពិភាក្សាដដែល ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖ Screenshot from RT video.