លោក គួច ចំរើន ដឹកនាំកងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីជំនាញ ចុះធ្វើរដ្ឋបាលចំហរ ក្នុងភូមិសាស្ត្រក្រុងសំពៅពូន ដើម្បីបោសសម្អាតបទល្មើស Online Scams
កណ្តាល៖ នៅរសៀលថ្ងៃទី០៨ ខែមិថុនា លោក គួច ចំរើនអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកងកម្លាំងមានសមត្ថកិច្ច មន្ត្រីជំនាញ និងអាជ្ញាធរក្រុងសំពៅពូន បានចុះធ្វើរដ្ឋបាលចំហរ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន ដើម្បីបោសសម្អាតបទល្មើស Online Scams ឱ្យអស់ពីមូលដ្ឋានខេត្តកណ្តាល។
ក្នុងឱកាសចុះធ្វើរដ្ឋបាលនេះដែរ លោក គួច ចំរើន បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមផ្ដល់ព័ត៌មាន ឬទីតាំងដែលសង្ស័យប្រព្រឹត្ត Online Scams ក្នុងខេត្តកណ្ដាល ជាសម្ងាត់ ដើម្បីឈានដល់ការបង្ក្រាបទីតាំងទាំងនោះ និងជូនរង្វាន់ ព្រមទាំងរក្សាការសម្ងាត់ជូនផងដែរ។ ចំពោះប្រជាពលរដ្ឋដែលមានផ្ទះជួលឱ្យជនបរទេស ត្រូវរាយការណ៍ជូនដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើការចុះត្រួតពិនិត្យ និងតាមដានជាប្រចាំ ដើម្បីបញ្ជៀសឲ្យបាននូវការលួចលាក់ប្រព្រឹត្តបទល្មើស Online Scams។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង-ស្រុក ទាំងអស់ ត្រូវបន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដោយត្រូវប្រើប្រាស់ឥរិយាបថទន់ភ្លន់ ស្នើសុំដល់ម្ចាស់ទីតាំងឬផ្ទះ ដែលមានការសង្ស័យ ឱ្យពួកគាត់ចូលរួមជាមួយអាជ្ញាធរដើម្បីធ្វើការពិនិត្យ ហើយមិនត្រូវប្រព្រឹត្តនូវអ្វីដែលប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ នៅពេលដែលចុះពិនិត្យរដ្ឋបាលនោះទេ។ ក្នុងករណីពិនិត្យឃើញមានបទល្មើស Online Scams ត្រូវធ្វើការបង្ក្រាប និងរាយការណ៍ជាបន្ទាន់ ដើម្បីឈានដល់ការបោសសម្អាតបទល្មើស Online Scams ឱ្យអស់ពីមូលដ្ឋានខេត្តកណ្តាល។
គួរបញ្ជាក់ផងដែរថា ការធ្វើរដ្ឋបាលចំហរ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន គឺមិនបានរកឃើញបទល្មើស Online Scams ថ្មីណាមួយដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រនេះឡើយ៕