ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ

image

បន្ទាយមានជ័យ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានសម្តែងការទទួលខុសត្រូវ និងសូមអភ័យទោស ចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមទុកឱ្យបានគ្រប់គ្រាន់ សម្រាប់រាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការពង្រឹងបន្ថែម នូវវិស័យការពារជាតិ សម្រាប់ការប្រយុទ្ធ។ 

សម្តេចតេជោ បញ្ជាក់ថា នេះជាកំហុសរបស់សម្តេចផ្ទាល់ មិនមែនជាកំហុសរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីថ្មីនោះទេ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋជនភៀសសឹក ជាង២៨០០គ្រួសារ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជា បានយកចិត្តទុកដាក់ ក្នុងការពង្រឹងភាពជាអ្នកជិតខាងល្អ ដោយមិនបានពង្រីកកញ្ចប់ថវិកា សម្រាប់វិស័យការពារជាតិ ប៉ុន្តែបានងាកទៅពង្រឹងវិស័យអប់រំ សង្គមកិច្ច និងសុខាភិបាល។

សម្រាប់ការពង្រឹងភាពជាអ្នកជិតខាងល្អ, សម្តេចតេជោ បានឱ្យដឹងថាជាមួយប្រទេសវៀតណាម កម្ពុជា បានដោះស្រាយបញ្ហាព្រំដែន បានប្រមាណ៨៦ភាគរយ និងឡាវ៨៤ភាគរយ។ 

សម្តេចតេជោប្រមុខរដ្ឋស្តីទី ក៏បានណែនាំដល់កងទ័ពកម្ពុជា ត្រូវថ្នាក់ថ្នមបទឈប់បាញ់ ដោយត្រូវគោរពបទឈប់បាញ់ ប៉ុន្តែបានបញ្ជាក់ដែរថា កម្ពុជា ក៏បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រយុទ្ធជាថ្មី ប្រសិនបើកើតមានឡើង៕ 

អត្ថបទ៖ សន ពិសិដ្ឋ