ព្រឹកនេះ! សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អញ្ជើញសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ដសៀមរាប និងខេត្ដឧត្ដរមានជ័យ
សៀមរាប៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញបន្ដចុះជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្កសៀមរាប និងខេត្ដឧត្ដរមានជ័យ ដែលធ្វើឡើង នាសណ្ឋាគារសុខា។
នេះជាជំនួបទី១៣ហើយ និងជាខេត្ដ-រាជធានីទី១៥ បន្ទាប់ពីចាប់ផ្តើមដំបូងពីចេញខេត្ដកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ និង កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កណ្តាល ដែលកម្មវិធីនាឱកាសនេះមានការអញ្ជើញចូលរួម ពីក្រុមប្រឹក្សាជុំវិញខេត្ដសៀមរាប និងខេត្ដឧត្ដរមានជ័យ សមាជិកសមាជិកា ប្រមាណជិត២០០០នាក់។
ចំពោះខេត្តសៀមរាបមានព្រំប្រទល់ ខាងជើងជាប់ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ខាងត្បូងជាប់ខេត្តបាត់ដំបង និងបឹងទន្លេសាប ខាងកើតជាប់ខេត្តកំពង់ធំ និងខេត្តព្រះវិហារ និងខាងលិច ជាប់ខេត្តបន្ទាយមានជ័យ។
ខេត្តសៀមរាបមានទំហំផ្ទៃដីសរុបចំនួន ១០ ២៩៩,៤៣គ.ម និងបែងចែកជា៖-
១៣ក្រុង/ស្រុក (រួមមាន៖ ក្រុងចំនួន២ ស្រុកចំនួន១១)
-១០០ឃុំ/សង្កាត់ (រួមមាន៖ សង្កាត់ចំនួន១៤ ឃុំចំនួន៨៦) ភូមិចំនួន៖ ៩១០ភូមិ
-ប្រជាពលរដ្ឋសរុបចំនួន៖ ១ ២១៤ ៧៣១នាក់ (ស្រី ៦១៦ ៦៦២នាក់)
ដោយឡែកឧត្ដរមានជ័យ ខេត្តនេះស្ថិតនៅទិសពាយព្យ នៃប្រទេសកម្ពុជា និងជាខេត្តចុងក្រោយគេបង្អស់ ក្នុងទូទាំងប្រទេស ដែលបានសម្រេចធ្វើសមាហរណកម្ម បញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមយុទ្ធសាស្ត្រនយោបាយ ឈ្នះ-ឈ្នះ” របស់ សម្តេចតេជោ ដោយបានបញ្ចប់សង្គ្រាមផ្ទៃក្នុងទាំងស្រុង ចេញពីប្រទេសកម្ពុជា។
ខេត្តឧត្តរមានជ័យ មានក្រុងចំនួន ១ និងស្រុកចំនួន ៤ ឃុំ ចំនួន ១៩ សង្កាត់ចំនួន ៥ និងភូមិចំនួន ៣០៨ភូមិ។ មានមន្ត្រីរាជការស៊ីវិលសរុប ចំនួន ៣.៣០០នាក់ ស្រី ១,៣៣៩នាក់, មន្ត្រីផ្អែកលើកិច្ចព្រមព្រៀង ការងារ ២១នាក់ ស្រី១២នាក់ មន្ត្រីជាប់កិច្ចសន្យា ៤០៧នាក់ ស្រី២០៩ នាក់។
ការចុះជួបសំណេះសំណាលនេះ ជាសកម្មភាពដែលសម្ដេចតេជោ ហ៊ុន សែន តែងតែអនុវត្ដជាប់ជាប្រចាំ ដើម្បីជួបផ្ទាល់ដឹងសុខទុក្ខ និងស្ដាប់នូវរបាយការណ៍ ពីថ្នាក់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ផ្ទាល់ ដើម្បីក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់ លើការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
តាមរយៈការចុះជួបសំណេះសំណាល ជាមួយន្ដ្រីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ប៉ុន្មានខេត្ដកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី តែងតែបានក្រើនរំលឹកទៅកាន់មន្ដ្រីមូលដ្ឋាន ឱ្យត្រូវយកចិត្ដទុកដាក់ពីសុខទុក្ខ តម្រូវការចាំបាច់ផ្សេងៗរបស់ប្រជាពលរដ្ឋ ពិសេសការបម្រើសេវាសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព ដោយជៀសវាងឱ្យបាន នូវការថ្នាំងថ្នាក់រវាងប្រជាជន និងមន្រ្ដីនៅមូលដ្ឋាន។
គោលបំណងសំខាន់មួយទៀត គឺពង្រឹងភាពជិតស្និទ្ធ និងការធ្វើគណនេយ្យភាព រវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។
តាមការគ្រោងទុក សម្ដេចតេជោ ហ៊ុន សែន នឹងបន្ដទៅជួបសំណេះសំណាល ជាមួយមន្ត្រីរាជការជាសមាជិកក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ បន្ដនៅទូទាំងប្រទេសកម្ពុជា៕
អត្ថបទ៖ ឈឹម ធីតា រូបភាព៖ ប៉ក់ សុឃីម