ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារចោទសួរទៅកាន់អ្នកសារព័ត៌មានថៃថា តើអ្នកមានចេតនាអ្វីដែលផ្សាយខុសពីការពិត ជុំវិញជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសថៃ

image

សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់នូវគោលនយោបាយ ដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី តែហេតុអ្វីបានជាសារព័ត៌មានថៃ យកទៅផ្សាយដែលបកស្រាយខុសការពិត ជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដែលវាមិនមានការចំណេញអ្វី ដល់ការដោះស្រាយបញ្ហានោះទេ។

សម្តេចតេជោ មានប្រសាសន៍បែបនេះ នាឱកាសអញ្ជើញបន្ដចុះជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្កសៀមរាប និងខេត្ដឧត្ដរមានជ័យ ដែលធ្វើឡើង នៅទីរួមខេត្តសៀមរាប។

សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅអ្នកកាសែតថៃថា សូមមើលឲ្យច្បាស់នូវខ្លឹមសាររបស់សម្ដេច និងកុំបង្កើតជាការភ័ន្ដច្រលំ ព្រោះសម្ដេចបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា មិនដែលជ្រើសយកជម្រើសដោះស្រាយដោយកម្លាំងនោះទេ។

សូមជម្រាបថា ក្រោយពេលមានការផ្សាយខុស របស់សារព័ត៌មានថៃពីខ្លឹមសាររបស់សម្ដេចតេជោ ហ៊ុន សែន នោះ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ក៏បានឆ្លើយតបដោយច្រានចោល មានខ្លឹមសារថា “ ការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ខុសពីការពិតជុំវិញជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ តែផ្ទុយទៅវិញសម្តេចតេជោ បានបដិសេធជំហរប្រើប្រាស់កម្លាំងយោធោ ក្នុងការដោះស្រាយបញ្ហា។ 

អ្នកនាំពាក្យសម្តេចតេជោ បញ្ជាក់ថា សម្តេចតេជោ គ្រាន់តែលើកឡើងចោទជាសំណួរ នូវជម្រើសពីរឲ្យជនរួមជាតិពិចារណាប៉ុណ្ណោះ ដោយទី១ ជម្រើសប្រើប្រាស់កម្លាំងយោធា ដើម្បីដណ្តើមយកទឹកដី ដែលថៃដណ្តើមកាន់កាប់ត្រឡប់មកវិញ និងជម្រើសទី២ ជម្រើសដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធីតាមរយៈយន្តការច្បាប់អន្តរជាតិ។ ក្នុងចំណោមជម្រើសទាំងពីរនេះ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ជម្រើសទី ១ គឺការប្រើកម្លាំងយោធាកម្ពុជា មិនត្រូវការឡើយ តែសម្តេចប្រមុខរដ្ឋស្តីទី បានប្រកាសជំហរយ៉ាងច្បាស់ទៅកាន់ជនរួមជាតិថា កម្ពុជាជ្រើសយកជំហរ នៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកតាមយន្តការច្បាប់អន្តរជាតិ។

ដូច្នេះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់លាស់ នូវជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាតាមយន្តការច្បាប់អន្តរជាតិ។ អ្នកនាំពាក្យសម្តេចតេជោ សូមស្នើឲ្យសារព័ត៌មានថៃ កែតម្រូវនិងបញ្ឈប់នូវការចុះផ្សាយនូវ ព័ត៌មានមិនត្រឹមត្រូវ ដែលវាមិនចំណេញដល់ការដោះស្រាយបញ្ហាព្រំដែន នៃប្រទេសទាំងពីរនោះទេ៕

អត្ថបទ៖ ឈឹម ធីតា រូបភាព៖ ប៉ក់ សុឃីម