កម្ពុជាដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទំនើបកម្មព្រំដែន និងសន្តិសុខជាតិ ជាលើកដំបូង ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា
ភ្នំពេញ៖ ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ជំនាន់ទី២ (CBMS-2) និងមុខងារឌីជីថល ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។ ប្រព័ន្ធនេះ នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងថា ការឈានទៅដល់ការប្រើប្រាស់ប្រព័ន្ធជំនាន់ទី ២នេះ គឺជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មរដ្ឋបាល និងពង្រឹងសន្តិសុខជាតិ តាមរយៈបរិវត្តកម្មឌីជីថល ស្របតាម «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» នៃរាជរដ្ឋាភិបាលនីតិកាលទី៧។
បច្ចេកវិទ្យាឌីជីថល ជាអាទិភាពគន្លឹះមួយក្នុងចំណោមអាទិភាពទាំង៥ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) ដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងចូលរួមលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ក្នុងគោលដៅសម្រេចបាននូវ «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។
ដើម្បីធានាឱ្យការប្រើប្រាស់ប្រព័ន្ធ CBMS-2 ដំណើរការប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំឱ្យបន្តបណ្តុះបណ្តាលផ្នែកភាសាបរទេស និងបច្ចេកវិទ្យាឌីជីថល ដើម្បីធានាការប្រើប្រាស់ប្រព័ន្ធឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវការពារសុវត្ថិភាពប្រព័ន្ធឱ្យបានម៉ត់ចត់ ដើម្បីបង្ការការជ្រៀតចូល ឬការយកព័ត៌មានទៅប្រើប្រាស់ដោយខុសច្បាប់។ ក្រៅពីនរេះក៏បានណែនាំឱ្យបន្តតភ្ជាប់ប្រព័ន្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីបង្កើនល្បឿន និងភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈដល់អ្នកដំណើរផ្សារភ្ជាប់គ្នារវាងការពង្រឹងសន្តិសុខ និងការផ្តល់សេវាប្រកបដោយភាពរួសរាយរាក់ទាក់ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
ទន្ទឹមនឹងនេះក៏ត្រូវការបន្តស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា ក៏ដូចជាបញ្ហាប្រឈមថ្មីៗក្នុងតំបន់ និងពិភពលោក និងការសហការជិតស្និទ្ធជាមួយអង្គការអន្តរជាតិ ប្រទេសជាមិត្ត និងស្ថាប័នពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរបទពិសោធ បច្ចេកវិទ្យា និងព័ត៌មាន សំដៅរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងធានាសន្តិសុខ សុវត្ថិភាពព្រំដែនជាតិ ក៏ជាចំណុចដែលប្រមុខក្រសួងមហាផ្ទៃ ណែនាំឱ្យយកចិត្តទុកដាក់ផងដែរ៕