ព័ត៌មានអន្តរជាតិ

ធនាគារកណ្តាលឥណ្ឌូណេស៊ី ដំឡើងអត្រាការប្រាក់បន្ទាន់ដើម្បីសង្គ្រោះតម្លៃប្រាក់រូពៀ

image

ឥណ្ឌូណេស៊ី៖ ធនាគារកណ្តាលឥណ្ឌូណេស៊ី បានរៀបចំកិច្ចប្រជុំបន្ទាន់ជាបន្តបន្ទាប់ជាមួយក្រុមវិនិយោគិនខ្នាតធំមកពីតំបន់អឺរ៉ុប សហរដ្ឋអាមេរិក និងអាស៊ី ដើម្បីពន្យល់ពីមូលហេតុនៃការសម្រេចចិត្តដំឡើងអត្រាការប្រាក់ចំនួន ០,២៥ ភាគរយ ឡើងដល់ ៥,៥០ ភាគរយ ទាំងបង្ខំចិត្ត និងខុសពីកាលវិភាគប្រជុំធម្មតា ។

 

ចំណាត់ការដ៏កម្រ និងក្តៅគគុកនេះ បានធ្វើឡើងក្នុងគោលបំណងតែមួយគត់ គឺដើម្បីចេញមុខមកអន្តរាគមន៍ និងទប់លំនឹងតម្លៃប្រាក់រូពៀ (Rupiah) របស់ឥណ្ឌូណេស៊ី ដែលបានដាំក្បាលចុះយ៉ាងគំហុករហូតដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ គឺ ១៨,១៩០ រូពៀ ប្ដូរបានត្រឹមមួយដុល្លារអាមេរិក កាលពីដើមសប្តាហ៍នេះ ។

 

ការដំឡើងអត្រាការប្រាក់ខុសកាលវិភាគបែបនេះ គឺជារូបមន្តសេដ្ឋកិច្ចការពារខ្លួនដ៏សំខាន់មួយ នៅពេលដែលរូបិយប័ណ្ណជាតិរងសម្ពាធខ្លាំង ដើម្បីទាក់ទាញទុនវិនិយោគបរទេសកុំឱ្យដកថយ និងដើម្បីទប់ស្កាត់ការហូរចេញនៃសាច់ប្រាក់ដុល្លារពីក្នុងប្រទេស ដែលអាចបង្កជាវិបត្តិអតិផរណា ។

 

នៅក្នុងជំនួបតាមទូរសព្ទជាមួយក្រុមវិនិយោគិនអន្តរជាតិ លោក ប៉េរី វ៉ាជីយ៉ូ (Perry Warjiyo) ទេសាភិបាលធនាគារកណ្តាលឥណ្ឌូណេស៊ី បានព្យាយាមពន្យល់ និងផ្តល់ភាពជឿជាក់ដល់ទីផ្សារ ដើម្បីធានាថាស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌូណេស៊ី គឺនៅតែរឹងមាំ និងស្ថិតក្រោមការគ្រប់គ្រងយ៉ាងដិតដល់ ។

 

ក្រោយការចេញអន្តរាគមន៍ដំឡើងអត្រាការប្រាក់យ៉ាងតក់ក្រហល់នេះ លទ្ធផលវិជ្ជមានដំបូងបានលេចចេញរូបរាងឡើង ដោយតម្លៃប្រាក់រូពៀឥណ្ឌូណេស៊ី បានចាប់ផ្ដើមងើបឡើងថ្លៃ និងមានលំនឹងឡើងវិញជាបណ្ដើរៗ ដោយបានកើនតម្លៃមកវិញនៅក្នុងរង្វង់ប្រមាណ ១៨,០០០ រូពៀ ក្នុងមួយដុល្លារអាមេរិក ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ Reuters | រូបភាព៖ (REUTERS/Willy Kurniawan)/ AFP/ Daily News,