ព័ត៌មានអន្តរជាតិ

Starbucks កំពុងពិចារណាលើជម្រើសផ្សេងៗសម្រាប់អាជីវកម្មនៅប្រទេសជប៉ុន រួមទាំងការលក់ភាគហ៊ុនផងដែរ

image

ជប៉ុន៖ ក្រុមហ៊ុនកាហ្វេយក្ស ស្តាបាក់ (Starbucks) កំពុងសិក្សា និងវាយតម្លៃលើជម្រើសអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសជប៉ុន ដោយក្នុងនោះរួមមានទាំងលទ្ធភាពលក់ភាគហ៊ុនមួយផ្នែកផងដែរ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg ។

 

ការលក់ភាគហ៊ុននៅក្នុងទីផ្សារជប៉ុននេះ ត្រូវគេប៉ាន់ប្រមាណថា អាចមានតម្លៃទឹកប្រាក់ចន្លោះពី ៤០០ ពាន់លានយ៉េន ៥០០ ពាន់លានយ៉េន (ឬប្រហែល ២,៥ ពាន់លានដុល្លារអាមេរិក) ដែលកំពុងទាក់ទាញចិត្តក្រុមហ៊ុនវិនិយោគឯកជនធំៗ ។

 

ទាក់ទិននឹងព័ត៌មានដ៏ក្តៅគគុកខាងលើនេះ ខាងក្រុមហ៊ុន ស្តាបាក់ មិនទាន់បានចេញមុខឆ្លើយតប ឬផ្តល់ការបកស្រាយផ្លូវការណាមួយ ទៅកាន់ភ្នាក់ងារសារព័ត៌មានអន្តរជាតិ រ៉យទ័រ នៅឡើយទេ ។

 

បើងាកទៅមើលប្រវត្តិនៃការរកស៊ីឯណោះវិញ កាលពីឆ្នាំ២០១៤ ក្រុមហ៊ុន ស្តាបាក់ បានសម្រេចទិញដាច់ភាគហ៊ុនទាំងអស់នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីបានសហការរកស៊ីជាមួយដៃគូក្នុងស្រុក គឺក្រុមហ៊ុន សាហ្សាបី លីក (Sazaby League) ចាប់តាំងពីឆ្នាំ១៩៩៥ ។

 

ចំណាត់ការចង់លក់ភាគហ៊ុននៅជប៉ុននេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនទើបតែបានដាច់ចិត្តលក់សិទ្ធិគ្រប់គ្រងអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសចិន ទៅឱ្យក្រុមហ៊ុន បូយូ ខាភីថល (Boyu Capital) ក្នុងតម្លៃ ៤ ពាន់លានដុល្លារ កាលពីខែមេសាកន្លងទៅ ។

 

ទោះបីជាការលក់មានសន្ទុះខ្លាំងក៏ដោយ ប៉ុន្តែការចំណាយផ្ទៃក្នុងក៏កំពុងតែកើនឡើងខ្ពស់ផងដែរ ក្រោមយុទ្ធសាស្ត្រកែទម្រង់ថ្មីរបស់លោក ប្រាយអិន នីកខុល (Brian Niccol) ដែលជាហេតុធ្វើឱ្យអ្នកវិភាគនៅតែមានមន្ទិលលើការងើបឡើងនៃប្រាក់ចំណេញ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ Reuters | រូបភាព៖ (REUTERS/Kim Kyung-Hoon/File Photo)/ KLSE Screener