ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អាជ្ញាធរខេត្តសៀមរាប និងឧត្តរមានជ័យ ឱ្យពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា និងចូលរួមថែរក្សាឱ្យបានគង់វង្ស

image

សៀមរាប៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានអំពាវនាវដល់អាជ្ញាធរខេត្តសៀមរាប និងឧត្តរមានជ័យ ឱ្យពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា និងចូលរួមថែរក្សាឱ្យបានគង់វង្ស។

សម្តេចអំពាវនាវដូចនេះ ក្នុងឱកាសបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ ជាង១៦០០នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលប្រជុំ នៃសណ្ឋាគារសុខាសៀមរាប។

នេះជាបេសកកម្មលើកទី១៣ និងចំនួន១៥ ខេត្ត រាជធានីហើយ របស់សម្ដេចតេជោ ក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្ត ដោយផ្ដើមពីខេត្តកំពង់ចាម, ត្បូងឃ្មុំ, កំពង់ស្ពឺ, តាកែវ, កំពត, កែប, ស្វាយរៀង, ព្រៃវែង, ភ្នំពេញ, កំពង់ឆ្នាំង, ពោធិ៍សាត់, កំពង់ធំ, កណ្ដាល ,សៀមរាប និងឧត្តរមានជ័យ នាថ្ងៃនេះ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា សម្តេចក៏បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។

សម្តេចតេជោបានណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន។សម្តេចបានលើកបង្ហាញពីវីរភាព និង គុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព
ដែល បានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិ ទឹកដី និងប្រជាជន។ ដើម្បីតបស្នងស្នងគុណ ក៏ដូចជាការអនុវត្តនយោបាយ «ខឿនការពារជាតិរបស់ប្រជាជន» សម្តេចបានណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់លើជីវភាពក្រុមគ្រួសាររបស់ពួកគេ កុំឱ្យពួកគេមានការព្រួយបារម្ភចំពោះគ្រួសារ។

សម្តេចក៏បានរំលឹកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។ សម្ដេចតេជោបានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ ប៉ក់ សុឃីម