ព័ត៌មានអន្តរជាតិ

លោកត្រាំ៖​ ទោះអ៊ីរ៉ង់​ប៉ះទង្គិចគ្នាជាមួយអ៊ីស្រាអ៊ែល​នាពេលថ្មីៗនេះក៏ដោយ​ ក៏កិច្ចចរចាជាមួយអាម៉េរិកនៅតែបន្ត​ ហើយអាចដឹងលទ្ធផលក្នុងពេលឆាប់ៗ

image

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសប្រាប់ក្រុមអ្នកសារព័ត៌មានថា កិច្ចចរចាការទូតរវាងសហរដ្ឋអាម៉េរិក និងភាគីអ៊ីរ៉ង់ មិនទាន់ត្រូវបានកាត់ផ្ដាច់នោះឡើយ បើទោះបីជាមានការផ្ទុះអាវុធដាក់គ្នាចុងក្រោយក៏ដោយ ដោយលោកសង្ឃឹមថានឹងអាចដឹងពីលទ្ធផល ឬតម្រុយជាក់លាក់ណាមួយ ក្នុងរយៈពេល ២ ទៅ ៣ថ្ងៃខាងមុខ ។
 
ស្របពេលដែលកំពុងបន្តកិច្ចចរចា លោក ត្រាំ បានសង្កត់ធ្ងន់ថា យុទ្ធនាការបិទខ្ទប់សេដ្ឋកិច្ចរបស់អាម៉េរិកប្រឆាំងនឹងរបបទីក្រុងតេហ៍រ៉ង់ គឺនៅតែអនុវត្តយ៉ាងតឹងរ៉ឹង ១០០ភាគរយ ដោយធានាថាមិនមានការលួចនាំចេញប្រេង ឬការហូរចូលនៃប្រភពចំណូលណាមួយ ទៅកាន់ប្រទេសអ៊ីរ៉ង់បានឡើយ ។
 
ការលើកឡើងរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ បានបើកការវាយប្រហារសងសឹកគ្នាទៅវិញទៅមកពេញមួយយប់ ដែលជាការរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែមេសា ប៉ុន្តែជាសំណាងល្អ ភាគីជម្លោះទាំងពីរបានយល់ព្រមផ្អាកការបាញ់ប្រហារគ្នាឡើងវិញ ក្រោមកិច្ចអន្តរាគមន៍ជាបន្ទាន់ពីសំណាក់លោកត្រាំ ។
 
គួររំឭកដែរថា ស្ថានភាពការទូតរវាងអាម៉េរិក និងអ៊ីស្រាអ៊ែល កំពុងជួបភាពរកាំរកូសខ្លាំង បន្ទាប់ពីលោក ត្រាំ បានស្តីបន្ទោសយ៉ាងធ្ងន់ៗទៅលើនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ណាតាន់យ៉ាហ៊ូ ដែលមិនព្រមស្ដាប់តាមការព្រមាន ហើយថែមទាំងគំរាមកំហែងបំផ្ទុះគ្រាប់បែកនៅទីក្រុងបេរូត ដែលអាចធ្វើឱ្យភាគីអ៊ីរ៉ង់ខឹងសម្បារ និងដកខ្លួនចេញពីតុចរចាទាំងស្រុង ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ (AP Photo/Mark Schiefelbein)/ Edition CNN on Microsoft Bing.