មានការតវ៉ាប្រឆាំងនឹងជនអន្តោប្រវេសន៍នៅអង់គ្លេស រហូតឈានដល់បាតុកម្មបំផ្លាញទ្រព្យសម្បត្តិសាធារណៈ
អង់គ្លេស៖ ទីក្រុងប៊ែលហ្វាស ចក្រភពអង់គ្លេស បានធ្លាក់ចូលទៅក្នុងភាពវឹកវរយ៉ាងខ្លាំង កាលពីថ្ងៃអង្គារ បន្ទាប់ពីក្រុមបាតុករបានផ្ទុះកំហឹងយ៉ាងខ្លាំង ដោយប្រឆាំងនឹងជនភៀសខ្លួនជនជាតិស៊ូដង់ម្នាក់ អាយុ ៣០ឆ្នាំ ដែលគេបានចោទប្រកាន់ថា ជនភៀសខ្លួនរូបនេះ បានធ្វើសកម្មភាពចាក់សម្លាប់បុរសម្នាក់ឱ្យរងរបួសធ្ងន់ធ្ងរ ។
ទោះបីជាមានការចាប់ខ្លួនជនភៀសខ្លួនខាងលើនេះ រួចហើយក៏ដោយ ក៏ភ្លើងបាតុកម្មប្រឆាំងនឹងការហូរចូលនៃជនអន្តោប្រវេសន៍ បានរីករាលដាលយ៉ាងខ្លាំងទូទាំងទីក្រុង ដោយក្រុមបាតុករដែលបិទបាំងមុខ បានធ្វើសកម្មភាពវាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដុតរនាំងខណ្ឌផ្លូវ ព្រមទាំងដុតបំផ្លាញឡានក្រុង និងឡានឯកជនជាច្រើនគ្រឿង រហូតទាល់តែនគរបាលប្រឆាំងកុប្បកម្ម ចូលអន្តរាគមន៍ ។
សកម្មភាពនៃកុប្បកម្មនេះ ហាក់បានដើរហួសព្រំដែនខ្លាំង ដោយមានការវាយប្រហារលើផ្ទះសម្បែង និងហាងទំនិញរបស់ក្រុមជនជាតិភាគតិចថែមទៀត បន្ទាប់ពីវីដេអូសកម្មភាពហិង្សា ដែលមើលទៅដូចជា “ការប៉ុនប៉ងកាត់ក្បាលជនរងគ្រោះ” ត្រូវបានបង្ហោះចែកចាយព្រោងព្រាតនៅលើបណ្តាញសង្គម ដែលសូម្បីតែនាយករដ្ឋមន្ត្រីអង់គ្លេស ក៏បានចេញមុខថ្កោលទោសថាជាទង្វើដ៏សាហាវព្រៃផ្សៃដែរ ។
ទោះបីជាមានប្រតិកម្មយ៉ាងខ្លាំងនៅលើបណ្តាញសង្គម រហូតឈានដល់ការធ្វើបាតុកម្មនៅលើដងផ្លូវក្នុងក្រុងប៊ែលហ្វាសក៏ដោយ ក៏កងកម្លាំងសមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត ប៉ុន្តែមិនទាន់មានភស្តុតាងណាមួយបង្ហាញថាជាអំពើភេរវកម្មនោះទេ។ ព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងពីភាពតានតឹងកាន់តែខ្លាំងឡើងជុំវិញបញ្ហាជនភៀសខ្លួននៅក្នុងប្រទេសអង់គ្លេសនាពេលបច្ចុប្បន្ន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.