ពលរដ្ឋម៉ិកស៊ិកត្អូញត្អែរថាជំនួយពីអាជ្ញាធរមានភាពយឺតយ៉ាវ ក្រោយផ្ទះជាង ៥០០ខ្នងលិចលង់ក្រោមទឹក ដោយសារតែឥទ្ធិពលព្យុះបូរីស
ម៉ិកស៊ិកកូ៖ ព្យុះបូរីស (Boris) បានបក់បោកដោយវាយប្រហារតំបន់ភាគអាគ្នេយ៍នៃប្រទេសម៉ិកស៊ិកកូ ដែលបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង រួមផ្សំជាមួយរលកយក្សនៅតំបន់ឆ្នេរសមុទ្រ បណ្ដាលឱ្យផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាង ៥០០ខ្នង នៅក្នុងរដ្ឋ អូអាហ្សាកា (Oaxaca) ត្រូវលិចលង់យ៉ាងធ្ងន់ធ្ងរ ។
មកទល់ពេលនេះ ទឹកជំនន់នៅមិនទាន់មានសញ្ញាស្រកចុះនៅឡើយ ដែលធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះត្រូវបង្ខំចិត្តដើរកាត់ទឹកដ៏ជ្រៅដើម្បីរកជំនួយ ខណៈកុមារតូចៗកំពុងប្រឈមនឹងគ្រោះថ្នាក់លង់ទឹកកម្រិតខ្ពស់នៅពេលយប់ ដោយសារតែទឹកសមុទ្រតែងតែជោរជន់ខ្លាំងនៅពេលយប់ ។
ប្រជាពលរដ្ឋក្នុងតំបន់ បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះអាជ្ញាធរមូលដ្ឋាន ដែលហាក់ដូចជាធ្វើមិនដឹងមិនឮ ហើយគ្រួសារជាច្រើនមិនអាចជម្លៀសខ្លួនទៅណាបានឡើយ ដោយមានតែបង្ខំចិត្តបន្តរស់នៅក្នុងផ្ទះដែលលិចទឹក ទាំងក្តីអស់សង្ឃឹម ខណៈដំណោះស្រាយតែមួយគត់នាពេលនេះ គឺមានតែកាយប្រឡាយ ដើម្បីបង្ហូរទឹកជំនន់ទាំងនោះឱ្យហូរចូលទៅក្នុងសមុទ្រវិញតែប៉ុណ្ណោះ ។
ជុំវិញវិបត្តិមនុស្សធម៌ដ៏ក្ដៅគគុកនេះ បញ្ជាការដ្ឋានកងទ័ពជើងទឹកម៉ិកស៊ិក បានដាក់ចេញនូវផែនការសង្គ្រោះបន្ទាន់ ដោយបានបញ្ជូនកងកម្លាំងចុះជួយជម្លៀសប្រជាពលរដ្ឋដែលជាប់គាំង និងបើកការចល័តល្បាតសន្តិសុខនៅតាមតំបន់រងគ្រោះ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.