អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យមើលលទ្ធផលស្ដារប្រឡាយជាច្រើនខ្សែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កុំឱ្យជំនន់ទឹកភ្លៀងលិចលង់លំនៅដ្ឋានប្រជាពលេដ្ឋនារដូវវស្សា
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នាព្រឹកថ្ងៃទី១០ ខែមិថុនា២០២៦ បានដឹកនាំមន្ត្រីជំនាញរដ្ឋបាលរាជធានី មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ អាជ្ញាធរខណ្ឌចំនួន៥ ចុះពិនិត្យមើលលទ្ធផលស្ដារប្រឡាយជាច្រើនខ្សែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឲ្យខណ្ឌនីមួយៗអនុវត្តកន្លងមក ដើម្បីធ្វើយ៉ាងណាកុំឱ្យជំនន់ទឹកភ្លៀងលិចលង់លំនៅដ្ឋានប្រជាពលេដ្ឋនារដូវវស្សា។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃទី១០មិថុនា ថា ការស្ដារប្រឡាយទាំងអស់នេះ គឺជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបានដាក់ឲ្យខណ្ឌនីមួយៗអនុវត្តកន្លងមក ហើយបើតាមផែនការនេះ ក្រុមការងារនឹងធ្វើការស្ដារប្រឡាយរហូតដល់ជើងឯក សុទ្ធតែជាកញ្ចប់ថវិកា និងប្រេងឥន្ធនៈរបស់រដ្ឋបាលរាជធានីភ្នំពេញទាំងអស់។
ទាក់ទងនឹងបញ្ហានេះដែរ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ មានប្រសាសន៍ថា ការចុះពិនិត្យមើលឡាយជាច្រើនខ្សែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ លោក ឃួង ស្រេង ណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌធ្វើការជីកស្ដារប្រឡាយតភ្ជាប់ប្រឡាយទួលពង្រ ចាប់ពីផ្លូវតុងហ្គា រហូតដល់ប្រឡាយលូប្រាំ ជាមួយនឹងការដាក់លូខ្នាតធំ ឆ្លងកាត់ផ្លូវចំនួន២កន្លែង ជំនួសលូចាស់ដែលតូចចង្អៀត។ ក្រុមការងារបន្តស្ដារដៃប្រឡាយយទួលពង្រ និងបុកស៊ីផាយ២កន្លែង ត្រង់ផ្ទះប្រជាពលរដ្ឋ សិក្សាដូរទីតាំងស្ថានីយ៍បូមទឹកក្នុងបុរីពិភពថ្មីត្រពាំងថ្លឹងដើម្បីជៀសវាងផលប៉ះពាល់ការរស់នៅដ្ឋានរបស់ប្រជាពលរដ្ឋ។
លោក សាំ ពិសិដ្ឋ បន្ថែមពីនេះទៀត លោក ឃួង ស្រេង ក៏បានណែនាំឲ្យបន្តស្ដារប្រឡាយភូមិម័រ និងការដាក់បំភ្លើងបំភ្លើងសាធារណៈតាមផ្លូវស្របតាមប្រឡាយទូលពង្រ ក្នុងខណ្ឌពោធិ៍សែនជ័យនេះផងដែរ។ ពាក់ព័ន្ធប្រឡាយទួលពង្រមានប្រវែង ៥៥៦៦ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៤ ម្ដុំវត្តជម្ពូវ័នរហូតដល់ប្រឡាយលូប្រាំ។ ចំពោះសកម្មភាពស្ដារប្រឡាយទួលពង្រនេះ អភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានធ្វើការកាយប្រឡាយនេះបានប្រមាណជាង ៤០០០ម៉ែត្រហើយ នៅសល់ប្រមាណជាង ១០០០ម៉ែត្រប៉ុណ្ណោះ ដែលក្រុមការងារ បាននិងកំពុងធ្វើការកាយ។ ការងារនេះអាចប្រើពេលប្រមាណជាមួយសប្តាហ៍ទៀតនឹងរួចរាល់ជាស្ថាពរ៕