ចិន ចេញមុខរិះគន់ខ្លាំងៗ ក្រោយអាម៉េរិកប្រកាសដាក់ក្រុមហ៊ុនយក្ស Alibaba និង Baidu របស់ចិនចូលក្នុងបញ្ជីខ្មៅយោធា
ចិន៖ ប្រទេសចិន កាលពីពេលថ្មីៗនេះ បានចេញមុខប្រកាសបដិសេធ និងប្រឆាំងដាច់ខាត ចំពោះចំណាត់ការចុងក្រោយរបស់ក្រសួងការពារជាតិអាមេរិក ដែលបានបន្ថែមឈ្មោះក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន រួមមាន អាលីបាបា (Alibaba) និងប៉ៃទូ (Baidu) ចូលទៅក្នុងបញ្ជីខ្មៅ ដោយចោទប្រកាន់ថាមានពាក់ព័ន្ធនឹងវិស័យយោធា ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន បានរិះគន់អាមេរិកចំៗថា តែងតែយកលេសរឿងសន្តិសុខជាតិមកប្រើប្រាស់ ដើម្បីធ្វើបាប និងបង្ក្រាបលើអាជីវកម្មរបស់ក្រុមហ៊ុនចិន ដោយគ្មានហេតុផលសមរម្យ និងបានជំរុញឱ្យអាមេរិកកែប្រែទង្វើខុសឆ្គងនេះឡើងវិញ ។
នៅក្នុងបញ្ជីខ្មៅដែលទើបតែធ្វើបច្ចុប្បន្នភាពនេះ មានក្រុមហ៊ុនចិន និងក្រុមហ៊ុនបុត្រសម្ព័ន្ធសរុបចំនួន ៨០ ក្រុមហ៊ុន ដែលក្នុងនោះក៏មានការដាក់បញ្ចូលឡើងវិញ នូវក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់កំពូលៗចំនួនពីររបស់ចិនផងដែរ ។
ការបញ្ចេញបញ្ជីខ្មៅសន្តិសុខជាតិថ្មីនេះ បានក្លាយជាចំណុចសាកល្បងដ៏រសើបមួយ លើទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ ខណៈដែលមេដឹកនាំកំពូល លោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង ទើបតែបានជួបគ្នា ដើម្បីសម្របសម្រួលទំនាក់ទំនងកាលពីខែមុន ។
ភ្លាមៗបន្ទាប់ពីមានការប្រកាស ក្រុមហ៊ុន អាលីបាបា (Alibaba) និងប៉ៃទូ (Baidu) បានចេញមុខទាត់ចោលនូវការសម្រេចចិត្តរបស់អាមេរិក ដោយបានអះអាងដូចៗគ្នាថា នេះគឺជាកំហុសឆ្គងដ៏ធំមួយ និងគ្មានហេតុផលច្បាស់លាស់ណាមួយមកសន្និដ្ឋានឡើយ ។
ទោះបីជាការដាក់ឈ្មោះចូលក្នុងបញ្ជីខ្មៅនេះ មិនទាន់បង្កជាផលប៉ះពាល់ផ្លូវច្បាប់ ឬការកាត់ផ្ដាច់អាជីវកម្មភ្លាមៗក៏ដោយ ក៏ក្រុមអ្នកវិភាគមើលឃើញថា វាគឺជាសញ្ញាព្រមានមុនពេលអាមេរិក បញ្ចេញវិធានការទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរជាងនេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AFP | រូបភាព៖ Reuters/ AP/ iStock Photo on Microsoft Bing.