រដ្ឋមន្ត្រីការពារជាតិប៊ុលហ្ការី ជំរុញឱ្យមានការចរចាស្វែងរកសន្តិភាពដ៏យុត្តិធម៌ ដោយប្រកាសមិនផ្តល់ជំនួយយោធាបន្ថែមទៀតទៅឱ្យទីក្រុងគីវនោះឡើយ
ប៊ុលហ្ការី៖ រដ្ឋមន្ត្រីការពារជាតិប៊ុលហ្ការី លោក ឌីមីតារ ស្ដូយ៉ាណូវ (Dimitar Stoyanov) បានចេញមុខអំពាវនាវយ៉ាងទទូចឱ្យភាគីជម្លោះទាំងសងខាង ងាកមកអង្គុយនៅលើតុចរចា ដើម្បីស្វែងរកដំណោះស្រាយតាមផ្លូវនយោបាយ ដោយលោកបានសង្កត់ធ្ងន់ថា សង្រ្គាមនៅអ៊ុយក្រែនមិនអាចបញ្ចប់ទៅបាន ដោយការប្រើប្រាស់អាវុធនៅលើសមរភូមិនោះឡើយ ។
ភាគីប៊ុលហ្ការីបានវាយតម្លៃថា សង្រ្គាមនេះបានក្លាយជាសង្រ្គាមពន្យារពេលដណ្តើមទីតាំងគ្នា ដែលកាន់តែផ្តល់អាវុធ គឺកាន់តែធ្វើឱ្យបាត់បង់ជីវិតមនុស្សកាន់តែច្រើន ហេតុនេះហើយទើបប៊ុលហ្ការីប្រកាសបដិសេធ មិនផ្តល់ជំនួយយោធាបន្ថែមទៀតទៅឱ្យទីក្រុងគីវនោះទេ ។
លោករដ្ឋមន្ត្រីក៏បានបង្ហាញទស្សនៈត្រង់ៗដែរថា សហភាពអឺរ៉ុបនឹងជួបការលំបាកខ្លាំង ប្រសិនបើចង់ចេញមុខធ្វើជាអ្នកសម្របសម្រួលសន្តិភាព ពីព្រោះកន្លងមក ប្លុកអឺរ៉ុបមួយនេះបានបង្ហាញជំហរលំអៀង និងជួយជ្រោមជ្រែងខាងអ៊ុយក្រែនខ្លាំងពេក តាំងពីសង្រ្គាមបានផ្ទុះឡើង ក្នុងឆ្នាំ២០២២ ។
ការថ្លែងរិះគន់ចំៗនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលែនស្គី បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ដើម្បីជួបជជែកជាមួយមេដឹកនាំកំពូលៗរបស់អង់គ្លេស បារាំង និងអាល្លឺម៉ង់ ក្នុងគោលបំណងស្នើសុំការជួយឧបត្ថម្ភគាំទ្រផ្នែកយោធាបន្ថែមទៀត សម្រាប់ទប់ទល់នឹងកងទ័ពរុស្ស៊ី ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.