រដ្ឋមន្ត្រីកិច្ចការនារី ផ្តល់អនុសាសន៍៥ចំណុច ជូនថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរកិច្ចការនារី រាជធានី ខេត្ត ដើម្បីតម្រង់ទិសសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៧ របស់ក្រសួងកិច្ចការនារី
ភ្នំពេញ៖ លោកស្រីកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី បើកសិក្ខាសាលាតម្រង់ទិសសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៧ របស់ក្រសួងកិច្ចការនារី ក្នុងគោលបំណងកំណត់នូវសូចនាករសមិទ្ធកម្មគន្លឹះ និងគោលដៅតាមឆ្នាំជាក់លាក់ នៅកម្រិតកម្មវិធីនីមួយៗ ក្នុងដំណើរការផ្លាស់ប្តូរឆ្ពោះទៅ «គណនេយ្យភាពសមិទ្ធកម្ម» ដែលជាមូលដ្ឋានសម្រាប់អង្គភាពថវិកា រៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៧-២០២៩ គម្រោងថវិកាឆ្នាំ២០២៧ និងផែនការសមិទ្ធកម្មឆ្នាំ២០២៧ ដែលរៀបចំដោយក្រុមការងារថវិកា នៃក្រសួងកិច្ចការនារី សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
នាឱកាសនោះ លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍តម្រង់ទិស៥ចំណុច ជូនថ្នាក់ដឹកនាំ ក្រុមការងារបច្ចេកទេស និងមន្ទីរកិច្ចការនារី រាជធានី ខេត្ត៖
ទី១. កំណត់លើសកម្មភាពអាទិភាព ដោយផ្តោតលើការងារដែលមានលក្ខណៈជាប្រព័ន្ធនិងការពង្រឹងការផ្សារភ្ជាប់គ្នាទៅវិញមក
ទី២. ការរៀបចំ និងធ្វើឱ្យសម្រេច KPIs រួម ត្រូវពឹងផ្អែកលើសពីប្រភពថវិកាជាតិ ដោយភ្ជាប់ជាមួយប្រភពផ្សេងៗទៀត
ទី៣. ការពង្រឹងការផ្សព្វផ្សាយនិងការបង្ហាញសមិទ្ធផលដល់សាធារណៈជន តាមរយៈបញ្ចូលរួមគ្នា នៅក្នុងកម្មវិធី ពុកម៉ែល្អ គ្រួសារល្អ កូនល្អ ដែលជាកម្មវិធីរួមរបស់ក្រសួង
ទី៤. សូមថ្នាក់ដឹកនាំនិងក្រុមការងារទាំងអស់ បន្តយោគយល់ លើស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា និងតម្រូវការអាទិភាពរបស់រដ្ឋ សម្រាប់កិច្ចការអាទិភាព ឆ្នាំ២០២៦ និងឆ្នាំ២០២៧
ទី ៥. ពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យការងារផ្អែកលើសមិទ្ធកម្ម៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី