កម្ពុជា-សិង្ហបុរី ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ លើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម
ទីក្រុងហ្សឺណែវ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឆ្លៀតឱកាសជួបពិភាក្សាការងារជាមួយលោក បណ្ឌិត តាន់ ស៊ីឡេង (Tan See Leng) រដ្ឋមន្ត្រីក្រសួងហត្ថពលកម្មនៃសាធារណរដ្ឋសិង្ហបុរី នៅក្នុងអំឡុងពេលសន្និសីទអន្តរជាតិខាងការងារលើកទី ១១៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម។
ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ លោក ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរវាងប្រទេសកម្ពុជា និងសិង្ហបុរី ដោយលោក បានបង្ហាញការចំណាប់អារម្មណ៍លើការបង្កើនកិច្ចសហប្រតិបត្តិការលើការងារសមរម្យ ការអនុវត្តធុរកិច្ចប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ។
ទន្ទឹមនឹងនេះ លោក ក៏បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការលើជំនាញបៃតង និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET), ចំណេះដឹងផ្នែកបញ្ញាសិប្បនិម្មិត (AI) និងការត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល ព្រមទាំងការសិក្សាពេញមួយជីវិត ក្រោមគំនិតផ្តួចផ្តើមនៃកម្មវិធីអភិវឌ្ឍជំនាញសម្រាប់អនាគត (Skills Future) ព្រមទាំងក្របខ័ណ្ឌទទួលស្គាល់គុណវុឌ្ឍិ។
នាឱកាសនោះ លោកបណ្ឌិត តាន់ ស៊ីឡេង បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់កម្ពុជា ក្នុងការរៀនសូត្រពីបទពិសោធសិង្ហបុរីលើកម្មវិធីអភិវឌ្ឍជំនាញសម្រាប់អនាគត ការសិក្សាពេញមួយជីវិត ជំនាញឌីជីថល និងជំនាញបៃតង។ ភាគីសិង្ហបុរី បានបង្ហាញការបើកចំហក្នុងការពិភាក្សាបន្ថែមលើកិច្ចសហប្រតិបត្តិការដែលអាចជួយឱ្យកម្ពុជាពង្រឹងភាពប្រកួតប្រជែងនៃកម្លាំងពលកម្ម។
ភាគីទាំងពីរ បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងកម្ពុជា និងសិង្ហបុរី នឹងបន្តវិវត្តទៅជាភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីគាំទ្រដល់កំណើនប្រកបដោយចីរភាព ភាពធន់នៃកម្លាំងពលកម្ម និងសមាហរណកម្មអាស៊ាន៕