សង្គម

ពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបានជាង ៤,១ពាន់លានដុល្លារ កើនជិត ៧% ខណៈមេដឹកនាំប្រទេសទាំងពីរ ប្តេជ្ញាជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការតភ្ជាប់

image


ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម សម្រេចបានទឹកប្រាក់ប្រមាណ ៤,១០ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៥ខែដំបូង ឆ្នាំ២០២៦ កើនឡើង ៦,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

ទិន្នន័យដដែលបង្ហាញថា ការនាំចេញរបស់កម្ពុជាទៅកាន់វៀតណាម មានទំហំទឹកប្រាក់ប្រមាណ ២,៣២ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៣,៧% ខណៈការនាំចូលពីវៀតណាម មានតម្លៃប្រមាណ ១,៧៨ពាន់លានដុល្លារអាម៉េរិក ថយចុះ ១,១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការរីកចម្រើននៃពាណិជ្ជកម្មទ្វេភាគីនេះ កើតឡើងស្របពេលដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ បន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រទេសជិតខាងទាំងពីរ។

ក្នុងជំនួបទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ឡេ មិញហ៊ឹង (Le Minh Hung) នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ ភាគីទាំងពីរ បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពល្អប្រសើរនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ព្រមទាំងបានឯកភាពរៀបចំព្រឹត្តិការណ៍នានាឱ្យបានអធិកអធម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ២០២៧ខាងមុខ។

ប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាព និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ និងឈានទៅដល់កម្រិតខ្ពស់ថ្មីមួយទៀត ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។

ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះសំខាន់ៗ រួមមាន៖ នយោបាយ, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, សន្តិសុខ និងការពារជាតិ, អប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ, សុខាភិបាល, ទេសចរណ៍, វប្បធម៌, ថាមពល, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

សម្តេចធិបតី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពន្លឿនការសម្រេចលើចំណុចការតភ្ជាប់នៃផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងហូជីមិញ-ម៉ុកបៃ, ការតភ្ជាប់ការធ្វើដំណើរតាមផ្លូវទឹក និងការពង្រីកជើងហោះហើរបន្ថែមរវាងប្រទេសទាំងពីរ។ ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម សម្តេចធិបតី បានស្នើដល់ការកែសម្រួលនីតិវិធីសម្រាប់ការដឹកជញ្ជូនទំនិញឆ្លងកាត់ត្រង់រវាងប្រទេសទាំងពីរ សំដៅកាត់បន្ថយពេលវេលាដឹកជញ្ជូន។

សូមរំលឹកថា កម្ពុជា និងវៀតណាម បានកំណត់គោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ២០ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅវៀតណាម រួមមាន ស្រូវ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ និងឧបករណ៍អគ្គិសនី។ ចំណែកទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីវៀតណាម មានដូចជា សម្ភារៈសំណង់ គ្រឿងចក្រ ប្រេងឥន្ធនៈ ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក ជី ចំណីសត្វ គ្រឿងទេស បន្លែ ត្រី សាច់ និងផ្លែឈើ ជាដើម៕