សង្គម

លោក វង្ស សេនវិសុត្ស ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលរងខេត្តព្រៃវែង

image


ព្រៃវែង៖ នៅសាលាខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងលោក វង្ស សេនវិសុត្ស ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង ជំនួសលោកស្រី សេង ទៀង អភិបាលរងខេត្ត ដែលបានចូលនិវត្តន៍។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការកោតសរសើរពីសំណាក់លោកអភិសន្តិបណ្ឌិត ស សុខា ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទូទាំងខេត្តព្រៃវែង ដែលបានខិតខំប្រឹងប្រែងរួមគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជំរុញការអភិវឌ្ឍខេត្តនាពេលកន្លងមក។

លោករដ្ឋលេខាធិការ ក៏បានថ្លែងអបអរសាទរចំពោះលោក វង្ស សេនវិសុត្ស ដែលទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ តែងតាំងជាអភិបាលរងខេត្តព្រៃវែង។ ទន្ទឹមនឹងនោះ លោកបានផ្តល់អនុសាសន៍ឱ្យអភិបាលរងខេត្តថ្មី បន្តពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយគណៈអភិបាលខេត្ត ក្នុងការដឹកនាំ និងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាសុខសុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋទូទាំងខេត្ត៕

អត្ថបទ៖ តែ ផានិត