សង្គម

លោក គួច ចំរើន លើកទឹកចិត្តឱ្យគ្រួសារកងទ័ពជួរមុខ ចាត់ទុកអាជ្ញាធរ និងកងកម្លាំងក្នុងមូលដ្ឋានជាសាច់ញាតិ ដើម្បីងាយស្រួលជួយជ្រោមជ្រែងបានទាន់ពេលវេលា

image


កណ្តាល៖ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានជួបសំណេះសំណាលជាមួយភរិយារបស់វីរកងទ័ពជួរមុខ មកពីស្រុកស្អាង ចំនួន ១៣គ្រួសារ ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលាក្រុងអរិយក្សត្រ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកគួច ចំរើន បានបញ្ជាក់ថា សម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងសម្តេចធិបតី នាយករដ្ឋមន្រ្តី តែងតែផ្តាំផ្ញើ និងណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឱ្យផ្សារភ្ជាប់មនោសញ្ចេតនា និងយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរស់នៅរបស់ក្រុមគ្រួសារកងទ័ពជួរមុខ ជាពិសេសភរិយា និងកូនៗ។ ការលះបង់របស់បងប្អូនជាក្រុមគ្រួសារយុទ្ធជន គឺពិតជាធំធេងណាស់ ក្នុងការទទួលរងនូវការលំបាក និងការឃ្លាតឆ្ងាយពីស្វាមី ឬឪពុក ដែលកំពុងឈរជើងបំពេញភារកិច្ចការពារជាតិមាតុភូមិ។

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ដោយយល់ច្បាស់ពីការលំបាកទាំងនេះ រាជរដ្ឋាភិបាលតែងតែណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរក្សាវប្បធម៌ចុះសួរសុខទុក្ខ ដើម្បីក្តាប់ឱ្យបាននូវរាល់បញ្ហាប្រឈម និងសំណូមពរនានារបស់គ្រួសារកងទ័ពជួរមុខនៅក្នុងមូលដ្ឋានខ្លួន។ ការធ្វើបែបនេះ គឺដើម្បីឱ្យវីរកងទ័ពរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដី មានចិត្តស្ងប់ និងមានស្មារតីកាន់តែអង់អាចក្លាហាន ព្រោះដឹងថាក្រុមគ្រួសារនៅផ្ទះ ត្រូវបានអាជ្ញាធរមើលថែ និងមិនបោះបង់ចោលឡើយ។

នៅក្នុងឱកាសនោះដែរ លោក គួច ចំរើន ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្ដីនឹករលឹកបំផុតពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសារយុទ្ធជនទាំងអស់ផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ការណែនាំ និងស្នើឱ្យបងប្អូនគ្រួសារកងទ័ពចាត់ទុកកងកម្លាំង និងអាជ្ញាធរមូលដ្ឋាន គឺជាសាច់ញាតិជិតដិតរបស់យើង។ នៅពេលជួបបញ្ហាប្រឈម ឬមានតម្រូវការចាំបាច់ណាមួយ សូមរាយការណ៍ ឬទំនាក់ទំនងទៅអាជ្ញាធរដែលនៅជិតបំផុត ដើម្បីពួកគាត់អាចជួយសម្របសម្រួល និងផ្តល់សេវាជួយសង្គ្រោះបានលឿន រហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោក បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការលះបង់ដ៏ខ្ពង់ខ្ពស់របស់ក្រុមគ្រួសារវីរកងទ័ពជួរមុខ ក្នុងការរួមចំណែកការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន។
លោកអភិបាលខេត្ត កឋ៏បានផ្តល់ការឧបត្ថម្ភជូនដល់គ្រួសារវីរកងទ័ពជួរមុខទាំង ១៣គ្រួសារ នូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីជួយសម្រាលជីវភាពរស់នៅប្រចាំថ្ងៃផងដែរ៕

អត្ថបទ៖ ឈុន សុភ័ក្រ