សង្គម

អភិបាលខេត្តកណ្តាល ចាត់ទុកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ បានធ្វើឱ្យព្រះពុទ្ធសាសនានៅកម្ពុជា មានសេចក្តីថ្លៃថ្នូរ និងរបៀបរបប

image


កណ្តាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣៣ និងពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំ២០២៦-២០២៧ របស់សាលាអនុគុណក្រុងតាខ្មៅ បានមានប្រសាសន៍ថា ចាប់តាំងពីមានដំណើរការ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ជារៀងរាល់ឆ្នាំ បានធ្វើឱ្យព្រះពុទ្ធសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសេចក្តីថ្លៃថ្នូរ និងរបៀបរបប បើធៀបនឹងប្រទេសជិតខាង។

ថ្លែងក្នុងពិធីដែលរៀបចំឡើង នៅវត្តប្រជុំនទី ក្រពើហា, លោកអភិបាលខេត្តកណ្តាល បានលើកឡើងពីភាពជាក់ស្តែងថា បើក្រឡេកមើលប្រទេសជិតខាង ដែលកាន់ព្រះពុទ្ធសាសនាដូចកម្ពុជា ហើយមិនមានសង្គ្រាមស៊ីវិល និងបានកាន់ព្រះពុទ្ធសាសនាអស់រយៈពេលរាប់រយឆ្នាំ ប៉ុន្តែមានរឿងអាស្រូវក្នុងព្រះពុទ្ធសាសនាច្រើន ជារៀងរាល់ឆ្នាំ។

ទោះបីយ៉ាងណានៅកម្ពុជាវិញ ដែលមានព្រះសង្ឃរហូតដល់ប្រមាណ៦ម៉ឺនអង្គ ប៉ុន្តែមានបញ្ហាក្នុងកម្រិតតិចតួចប៉ុណ្ណោះ នេះគឺដោយសារការដំណើរការ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃនេះហើយ ដែលធ្វើការតម្រង់ទិស និងបង្ហាញផ្លូវ ឱ្យព្រះពុទ្ធសាសនានៅកម្ពុជា មានសេចក្តីថ្លៃថ្នូរ និងល្អប្រសើរ ដែលពុទ្ធសាសនិកកម្ពុជា បានគោរពតាមជារៀងរាល់ថ្ងៃ។

ស្ថិតក្នុងពិធីនេះដែរ, ព្រះសិរីវិសុទ្ធិបណ្ឌិត វ័ន្ត វណ្ណោ ព្រះលេខាធិការគណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តប្រជុំនទី ក្រពើហា បានចាត់ទុកការរៀបចំ ពិធីផ្សព្វផ្សាយខ្លឹមសារ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស បវេសនកាលពុទ្ធិកសិក្សាឆ្នាំ ២០២៦-២០២៧ នាឱកាសនេះ គឺជាសក្ខីភាពបញ្ជាក់ឱ្យឃើញច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យព្រះពុទ្ធ សាសនាដែលជាសាសនារបស់រដ្ឋ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ អភិវឌ្ឍជាតិ និងបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបញ្ញាស្មារតី ចំណេះដឹងទូទៅ ក្នុងការអប់រំសីលធម៌ គុណធម៌ និងសុជីវធម៌ ដល់ប្រជាជន គ្រប់ស្រទាប់វណ្ណៈ។

"ពិធីផ្សព្វផ្សាយខ្លឹមសារ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣៣ និងពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំ២០២៦-២០២៧នេះ នឹងជំរុញឱ្យវិស័យព្រះពុទ្ធសាសនា កាន់តែមានភាពរីកចម្រើនបន្ថែមទៀត លើការពង្រឹងរចនាសម្ព័ន្ធលើការដឹកនាំព្រះសង្ឃ ការគ្រប់គ្រងវត្តអារាម ពុទ្ធិកសិក្សា ការផ្សព្វផ្សាយធម៌វិន័យ ដែលបានដាក់ចេញ", នេះជាថេរដីការបស់ព្រះសិរីវិសុទ្ធិបណ្ឌិត វ័ន្ត វណ្ណោ។

សូមជម្រាបថា បច្ចុប្បន្ននេះ ក្រុងតាខ្មៅ មានវត្តចំនួន ១៥វត្ត ព្រះសង្ឃសរុបមាន ចំនួន១.០៨២អង្គ ក្នុងនោះមានភិក្ខុ១៦៨អង្គ សាមណេរ ៩១៣អង្គ និងមានអាចារ្យ ៦២នាក់។ ក្នុងន័យនេះ លោកអភិបាលខេត្តកណ្តាល សូមលើកទឹកចិត្តឱ្យព្រះសង្ឃ ខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដោយថាការយល់ដឹងកាន់តែស៊ីជម្រៅ គឺមានសារៈសំខាន់ សម្រាប់បុគ្គលគ្រប់រូប ហើយបើគ្រប់ព្រះសង្ឃអង្គមានកម្រិតវប្បធម៌ខ្ពង់ខ្ពស់ នោះប្រទេសជាតិកម្ពុជា ក៏មានភាពខ្លាំងផងដែរ៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី