ព័ត៌មានជាតិ

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន កោតសរសើរយុវតី Anna Sophie Abe ដែលបានរៀបចំការសម្តែងសិល្បៈប្រមូលថវិកាជួយគាំទ្រយុវជន និងវិស័យអប់រំ

image

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់លិខិតកោតសរសើរជាផ្លូវការដល់កញ្ញា Anna Sophie Abe ស្ថាបនិកអង្គការ Etoile Performing Arts ដើម្បីទទួលស្គាល់ការរួមចំណែកដ៏ឆ្នើម និងការប្តេជ្ញាចិត្តក្នុងការគាំទ្រកុមារ និងយុវជនកម្ពុជា តាមរយៈសិល្បៈ និងការអប់រំ។

ការផ្តល់កិត្តិយសនេះ បានធ្វើឡើងក្នុងពិធីប្រគល់ថវិកាបរិច្ចាគ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាអន្តរជាតិកាណាដាភ្នំពេញ បន្ទាប់ពីការប្រគំតន្ត្រីសប្បុរសធម៌ «Carnegie in Cambodia» ទទួលបានការគាំទ្រយ៉ាងច្រើន និងលក់សំបុត្រអស់ទាំងស្រុង។

ក្នុងឱកាសនោះ អង្គការ Etoile Performing Arts បានប្រគល់ថវិកាចំនួន ២០,០០០ ដុល្លារអាមេរិក ដែលប្រមូលបានពីការប្រគំតន្ត្រីសប្បុរសធម៌ «Carnegie in Cambodia» ជូនដល់គ្រឹះស្ថានអប់រំ និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងស្រុក។

ថវិកានេះ ត្រូវបានបែងចែកតាមរយៈ «មូលនិធិអាហារូបករណ៍ Etoile» ដែលទើបបង្កើតថ្មី ដើម្បីផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សនៅសាលាអនុវិទ្យាល័យ និងវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន ព្រមទាំងគាំទ្រកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរបស់អង្គការអន្តរជាតិ Il Nodo។ គម្រោងនេះ មានគោលបំណងផ្តល់ជំនាញជាក់ស្តែង និងបង្កើនឱកាសអភិវឌ្ឍខ្លួនសម្រាប់យុវជនដែលមានជីវភាពខ្វះខាត។

ការប្រគំតន្ត្រីសប្បុរសធម៌ «Carnegie in Cambodia» បានរៀបចំឡើងកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ នៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយទាក់ទាញអ្នកចូលរួមជាង ១,០០០នាក់ និងលក់សំបុត្រអស់ទាំងស្រុង។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំថ្នាក់ដឹកនាំ មន្ត្រីរាជការ តំណាងវិស័យឯកជន និងសប្បុរសជនជាច្រើន ដែលមានជំនឿរួមលើតួនាទីរបស់សិល្បៈក្នុងការជំរុញការអប់រំ និងការអភិវឌ្ឍសង្គម។

កម្មវិធីនេះក៏មានការសម្តែងពីសិល្បករល្បីអន្តរជាតិ «The Pianist with the Hair» និងទទួលបានការគាំទ្រពីក្រុមហ៊ុនធំៗជាច្រើន ដែលបានចូលរួមលើកកម្ពស់សកម្មភាពទំនួលខុសត្រូវសង្គមរបស់សហគ្រាសនៅកម្ពុជា។

ក្នុងពិធីនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងកោតសរសើរចំពោះការដឹកនាំរបស់កញ្ញា Anna Sophie Abe ដោយបញ្ជាក់ថា កញ្ញាបានប្រមូលផ្តុំដោយជោគជ័យនូវទេពកោសល្យតន្ត្រី អ្នកឧបត្ថម្ភ និងអ្នកស្ម័គ្រចិត្តជាច្រើន ដើម្បីរួមចំណែកដល់ការអប់រំរបស់យុវជនជំនាន់ក្រោយ។ ឯកឧត្តមបានចាត់ទុកគម្រោងនេះថា ជាគំរូដ៏ល្អមួយនៃការដឹកនាំដោយយុវជន ដែលអាចកៀរគរធនធាន និងកម្លាំងសហគមន៍ឱ្យរួមគ្នាបង្កើតផលវិជ្ជមានសម្រាប់សង្គម។

ជាមួយគ្នានេះ កញ្ញា Anna Sophie Abe បានបង្ហាញក្តីរំភើបចំពោះការទទួលស្គាល់ពីសំណាក់រាជរដ្ឋាភិបាល និងបានអះអាងថា អង្គការ Etoile Performing Arts នឹងបន្តប្រើប្រាស់តន្ត្រី និងសិល្បៈជាមធ្យោបាយបើកទ្វារឱកាស និងក្តីសង្ឃឹមសម្រាប់កុមារ និងយុវជនកម្ពុជាបន្តទៅមុខទៀត។

អង្គការ Etoile Performing Arts ក៏បានប្រកាសពីផែនការពង្រីកកម្មវិធីអប់រំ និងសិល្បៈរបស់ខ្លួនបន្ថែមទៀត ដើម្បីបង្កើតក្របខ័ណ្ឌប្រកបដោយចីរភាព សម្រាប់គាំទ្រការអភិវឌ្ឍសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់យុវជនកម្ពុជានាពេលអនាគត៕