ព័ត៌មានជាតិ

ព្រឹកនេះ! សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋ ស្ដីទី អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ដបន្ទាយមានជ័យ ជាង១.០០០នាក់

image

បន្ទាយមានជ័យ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋ ស្ដី ទី នៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជេីញបន្ដចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ដបន្ទាយមានជ័យ ដែលធ្វេីឡេីងនាសាលាខេត្ដបន្ទាយមានជ័យ។

នេះជាជំនួបទី១៤ហើយ និងជាខេត្ដ-រាជធានីទី១៦ បន្ទាប់ពីចាប់ផ្ដេីមដំបូងពីចេញខេត្ដកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ និង កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កណ្តាល សៀមរាប និងឧត្ដរមានជ័យ ដែលកម្មវិធីនាឱកាសនេះមានការអញ្ជេីញចូលរួមពីមន្ដ្រីក្រុមប្រឹក្សាឃុំ-សង្កាត់ជុំវិញខេត្ដ ប្រមាណជាង១.០០០នាក់។

ខេត្តបន្ទាយមានជ័យ មាន៩ក្រុង-ស្រុក ៦៧ឃុំ-សង្កាត់ ៦៦៧ភូមិ និងប្រជាពលរដ្ឋចំនួន ២០៨.៧៨៥។ ខេត្តនេះមានព្រំប្រទល់ ខាងជើងទល់នឹងខេត្តឧត្តរមានជ័យ ខាងកើតទល់នឹងខេត្តសៀមរាប ខាងត្បូង ទល់នឹងខេត្តបាត់ដំបង ខាងលិចជាប់នឹងប្រទេសថៃ មានច្រកទ្វារព្រំដែនចំនួន៤គឺ៖ ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ច្រកទ្វាព្រំដែនអន្តរជាតិស្ទឹងបត់ ដែលមុនពេលសង្គ្រាមច្រកទាំងពីរនេះ សម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិចេញ-ចូល និងការដោះដូរទំនិញ និងច្រកទ្វារព្រំដែនតំបន់ចំនួន២គឺ ច្រកទ្វារព្រំដែនតំបន់ម៉ាឡៃ ស្ថិតក្នុង ស្រុកម៉ាឡៃ និងច្រកទ្វារព្រំដែនតំបន់បឹងត្រកួន ស្ថិតក្នុងស្រុកថ្មពួក ជាច្រកដែលប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ចេញ-ចូលដោះដូរទំនិញ និងកសិផលផ្សេងៗ។ល។

បច្ចុប្បន្នច្រកទ្វារទាំងបួននេះត្រូវបានបិទទាំងស្រុង ប៉ុន្តែរាល់កសិផល និងផលិតផលផ្សេងៗ ត្រូវបានដឹកទៅកាន់ប្រទេសវៀតណាម និងប្រទេសជាមិត្តផ្សេងៗទៀតជំនួសវិញ។

ការចុះជួបសំណេះសំណាលនេះជាសកម្មភាពដែលសម្ដេចតេជោ ហ៊ុន សែន តែងតែអនុវត្ដជាប់ជាប្រចាំ ដើម្បីជួបផ្ទាល់ដឹងសុខទុក្ខ និងស្ដាប់នូវរបាយការណ៍ពីថ្នាក់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ផ្ទាល់ ដើម្បីក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

តាមរយៈ ការចុះជួបសំណេះសំណាលជាមួយន្ដ្រីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ប៉ុន្មានខេត្ដកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋ ស្ដីទី តែងតែបានក្រើនរំលឹកទៅកាន់មន្ដ្រីមូលដ្ឋានឱ្យត្រូវយកចិត្ដទុកដាក់ពីសុខទុក្ខ តម្រូវការចំបាច់ ផ្សេងៗ របស់ប្រជាពលរដ្ឋ ពិសេសការបម្រើសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព ដោយជៀសវាងឱ្យបាននូវការថ្នាំងថ្នាក់រវាងប្រជាជន និងមន្រ្ដីនៅមូលដ្ឋាន។

គោលបំណងសំខាន់មួយទៀត គឺពង្រឹងភាពជិតស្និទ្ធ និងការធ្វើគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។

តាមការគ្រោងទុក សម្ដេចតេជោ ហ៊ុន សែន នឹងបន្ដទៅជួបសំណេះសំណាលជាមួយមន្ត្រីរាជការជាសមាជិកក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ បន្ដនៅទូទាំងប្រទេសកម្ពុជា៕

អត្ថបទ៖ ឈឹម ធីតា រូបភាព៖ ប៉ក់ សុឃីម