ព័ត៌មានជាតិ

ក្រសួងបរិស្ថាន រំលឹកឱ្យប្រជាពលរដ្ឋទៅយកកូនឈើដោយឥតគិតថ្លៃ ដើម្បីដាំឱ្យទាន់រដូវវស្សាឆ្នាំ២០២៦

image

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានរំលឹកឱ្យសាធារណជនទទួលកូនឈើនៅតាមថ្នាលបណ្តុះកូនឈើនានា របស់មន្ទីរបរិស្ថានទូទាំងប្រទេស និងនៅតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន ៥កន្លែង ក្នុងនោះថ្នាលបណ្តុះកូនឈើខេត្តត្បូងឃ្មុំ បានបណ្តុះបានកូនចម្រុះបានជាង ១លានដើម និងគ្រោងចែកកកូនឈើ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដាំ ដើម្បីបង្កើនគម្របបៃតង ជាប្រយោជន៍ដល់សហគមន៍។


ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា យុទ្ធនាការ «ពន្លកបៃតង» យុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការចែកជូនកូនឈើដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីយកទៅដាំក្នុងរដូវវស្សាឆ្នាំ២០២៦ គឺជាគំនិតផ្ដួចផ្ដើម និងការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រីកគម្របព្រៃឈើ និងឆ្ពោះទៅសម្រេចគោលដៅ ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅក្នុងពិធីបុណ្យទន្លេឆ្នាំ២០២៣ នៅខេត្តសៀមរាម បានជំរុញការបណ្តុះ ចែកកូនឈើជូនប្រជាពលរដ្ឋដាំឱ្យបានច្រើន ការបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ សម្រាប់ចែកកូនឈើ ជូនប្រជាពលរដ្ឋយកទៅដាំ ស្តារព្រៃ ដាំនៅតាមសហគមន៍នានា។

ក្រសួងបរិស្ថានបានបង្កើតថ្នាលបណ្តុះកូនឈើនៅតាមន្ទីរបរិស្ថានរាជធានីខេត្តទូទាំងប្រទេស និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន ៥កន្លែង នៅតាមបណ្តាខេត្តយុទ្ធសាស្ត្រ រួមមាន ខេត្តត្បូងឃ្មុំ អាចផលិតកូនឈើបានចំនួនជាង ១ លានដើម ខេត្តកំពង់ស្ពឺ ផលិតកូនឈើបានចំនួនជាង ១លានដើម ខេត្តសៀមរាប អាចផលិតកូនឈើបានចំនួនជាង ៦០ម៉ឺនដើម ខេត្តកោះកុង អាចផលិតកូនឈើបានចំនួនជាង ៣០ម៉ឺនដើម និងខេត្តមណ្ឌលគិរី អាចផលិតកូនឈើបានចំនួនជាង ៣០ម៉ឺនដើម។

ក្នុងឆ្នាំ២០២៥ កូនឈើជាង ៣,៤លានដើម ត្រូវបានចែកដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋដាំរួចរាល់។ នៅក្នុងឆ្នាំ២០២៦ ក្រសួងបរិស្ថាន ស្នើសុំឱ្យសាធារណជន មកយកកូនឈើនៅតាមថ្នាលបណ្តុះកូនឈើទៅដាំពីមន្ទីរបរិស្ថាន និងតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នានាទៅដាំឱ្យទាន់រដូវវស្សា។ ឆ្នាំនេះក្រសួងមានផែនការចែកចាយកូនឈើចំនួន ៥លានដើម រួមមាន ប្រភេទឈើប្រណីត (បេង នាងនួន ក្រញូង ធ្នង់) ឈើហូបផ្លែ ឈើលម្អ និងកូនត្នោតចំនួន ១,៥លានដើម ជូនដល់សាធារណជន យកដាំនៅតាមសាលារៀន វត្តអារាម និងសហគមន៍ ដើម្បីយកទៅដាំក្នុងរដូវវស្សា ឆ្នាំ២០២៦៕