អភិបាលខេត្តបន្ទាយមានជ័យ៖ ពេលសង្គ្រាមឈ្លានពានទាំងកម្រោលពីភាគីថៃទាំងពីរលើកកន្លងមក មានជនភៀសសឹក ជិត៧ម៉ឺនគ្រួសារ ត្រូវបានជម្លៀស ទៅកាន់មណ្ឌលសុវត្ថិភាពបណ្តោះអាសន្នចំនួន១១០ កន្លែងទូទាំងខេត្ត
បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ មានប្រសាសន៍ថា កាលពីពេលសង្គ្រាមឈ្លានពានទាំងកម្រោលពីភាគីថៃទាំងពីរលើកកន្លងមក ដែលលើកទី១ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយទាហានឈ្លានពានថៃ បានបើកការបាញ់ប្រហារមុននៅទិសខេត្តឧត្តរមានជ័យ និងព្រះវិហារ ធ្វើឱ្យមានជនភៀសសឹកចំនួន៣.៣០១គ្រួសារ ស្មើនឹងមនុស្សរាយ១១.៩១២នាក់/ស្រី៦.៣៨៥នាក់ និងកុមារចំនួន២.៥៨៤នាក់។ លើកទី២ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មានរយៈពេល២១ថ្ងៃ បណ្តាលឱ្យមានប្រជាពលរដ្ឋចំនួន៦៤.៨៦៨គ្រួសារ មនុស្សរាយចំនួន២១១.៦១៦នាក់/ស្ត្រី១១០.០៧២នាក់ កុមារ៦៤.៣២៥ នាក់ និងព្រះសង្ឃ១.៣៧២អង្គ ត្រូវបានជម្លៀស និងភៀសសឹកទៅកាន់មណ្ឌលសុវត្ថិភាពបណ្តោះអាសន្នចំនួន១១០ កន្លែងទូទាំងខេត្ត។
ឯកឧត្តមអភិបាលខេត្ត ថ្លែងដូចនេះក្នុងពិធីសំណេះសំណាលរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានាជុំវិញខេត្តបន្ទាយមានជ័យ ជាង១.០០០នាក់។
អភិបាលខេត្តបន្តថា ការឈ្លានពានទាំង២លើក បានធ្វើឱ្យជីវិតជនស៊ីវិលស្លូតត្រង់បានស្លាប់ចំនួន៩នាក់ របួស៧៧នាក់ ខូចខាតលំនៅដ្ឋាន ២.០១៨ខ្នង វត្តអារាមចំនួន៧វត្ត ទីតាំងអាជីវកម្ម៤៩កន្លែង ទីតាំងអគាររដ្ឋ២៦ កន្លែង និងភូមិចំនួន៦ភូមិ ក្នុងនោះមាន ភូមិជោគជ័យ ភូមិព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិ បន្ទាយមានរឹទ្ធ ត្រពាំងសំរោង ភូមិសាមគ្គី និងភូមិផ្លូវបំបែក ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ដែលភូមិទាំងអស់នេះ ត្រូវបានទាហានថៃដាក់កុងតឺន័រ រាយបន្លាលួសហ៊ុំព័ទ្ធបន្តគ្រប់គ្រងទាំងកម្រោល ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមិនអាច ចូលទៅរស់នៅវិញបាននៅឡើយ។
ក្នុងអំឡុងពេលដែលភាគីថៃឈ្លានពានរយៈពេល២១ថ្ងៃ ដោយមានការឧបត្ថម្ភគាំទ្រពី៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ក្រសួង/ស្ថាប័នថ្នាក់ជាតិ ព្រមទាំងសប្បុរសជនជាតិ-អន្តរជាតិ សង្គម ស៊ីវិល អ្នកសិល្បៈ អ្នកសារព័ត៌មាន បានជួយជ្រោមជ្រែងឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងស្មារតី សម្ភារ ថវិកា និងស្បៀង អាហារ ជួយដល់វីរៈកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ ប៉ក់ សុឃីម