ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការត្រួតពិនិត្យទីតាំងចំនួន ៧៤កន្លែង ក្នុងនោះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ១ករណី

image

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្នុងប្រតិបត្តិការត្រួតពិនិត្យ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទីតាំងសរុបចំនួន ៧៤ទីតាំង ដោយរកឃើញជនបរទេសស្នាក់នៅសរុប ៤៥២នាក់ ក្នុងនោះស្រី ១៥៤នាក់ និងរកឃើញជនបរទេសចំនួន ២នាក់ គ្មានលិខិតឆ្លងដែន។

នេះបើតាមការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងចំណោមទីតាំងទាំង ៧៤នោះ ក្រុមការងារបានបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ១ករណី ស្ថិតនៅបុរីពិភពថ្មី ឡាសែនសុខ២ ផ្ទះលេខ៣៨ ផ្លូវលេខ៤A ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដោយឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ៥នាក់ (ប្រុស) ក្នុងនោះមាន ២នាក់ គ្មានលិខិតឆ្លងដែន។ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន កុំព្យូទ័រយួរដៃ ៧គ្រឿង និងទូរស័ព្ទដៃ ១៥០គ្រឿង។

លោកស្រី ដោ សម្ផស្ស បានឱ្យដឹងថា តាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរកឃើញថា ករណីខាងលើជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពល្បែងស៊ីសងតាមប្រព័ន្ធអនឡាញក្លែងក្លាយ។

ជាមួយគ្នានេះដែរ ក្រុមការងារក៏បានបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ចំនួន ១ករណីទៀត ស្ថិតនៅផ្ទះសំណាក់ រីលែក្ស (បន្ទប់លេខ៣០៥ ជាន់ទី៣ និងបន្ទប់លេខ៤០៥ ជាន់ទី៤) ផ្ទះលេខ៦៤ ផ្លូវលេខ១២៥ ភូមិ៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយឃាត់ខ្លួនជនសង្ស័យជនជាតិឥណ្ឌូនេស៊ីចំនួន ៦នាក់ (ប្រុស) និងដកហូតវត្ថុតាងរួមមាន ទូរស័ព្ទដៃ ៤៣គ្រឿង កុំព្យូទ័រយួរដៃ ៤គ្រឿង និងម៉ូនីទ័រ ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់។

លោកស្រីអ្នកនាំពាក្យបានបន្ថែមថា ក្នុងថ្ងៃដដែលនោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងប្រមូលផ្តុំស្នាក់នៅ ដែលផ្ទុយនឹងអនុក្រឹត្យលេខ០៣ ចំនួន ២ទីតាំង ពាក់ព័ន្ធមនុស្ស ៤នាក់ ដោយផាកពិន័យជាថវិកាសរុបចំនួន ១៦,០០០,០០០រៀល (ដប់ប្រាំមួយលានរៀល)។

លទ្ធផលដែលសម្រេចបាននាពេលនេះ គឺកើតចេញពីការដឹកនាំ និងបញ្ជាផ្ទាល់យ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង ១៤ ដែលបានអនុវត្តការងារស្របពេលគ្នា ដោយប្តេជ្ញាលុបបំបាត់រាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់គ្រប់រូបភាពនៅក្នុងមូលដ្ឋាន៕