ការនាំចេញរបស់កម្ពុជា កើនជិត ២០% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ បង្ហាញភាពធន់នៃសេដ្ឋកិច្ច ទោះប្រឈមបញ្ហាសកលជាច្រើន
ភ្នំពេញ៖ ការធ្វើពាណិជ្ជកម្មនាំចេញរបស់កម្ពុជា បន្តរក្សាបានកំណើនខ្ពស់ក្នុងរយៈពេល ៥ខែដំបូង ឆ្នាំ២០២៦ ដោយកើនឡើងជិត ២០% ដែលបង្ហាញពីភាពធន់នៃវិស័យផលិតកម្ម និងសមត្ថភាពរបស់កម្ពុជា ក្នុងការពង្រីកទីផ្សារ និងធ្វើពិពិធកម្មមុខទំនិញនាំចេញ ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែមានភាពមិនច្បាស់លាស់ក៏ដោយ។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៦ កម្ពុជា បាននាំចេញទំនិញទៅទីផ្សារអន្តរជាតិមានតម្លៃសរុបប្រមាណ ១៤,០៤ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៩% ខណៈការនាំចូលមានតម្លៃប្រមាណ ១៦,០៣ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៨,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
ទិន្នន័យនេះ បង្ហាញថា សកម្មភាពពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា នៅតែមានសន្ទុះល្អ ទោះ បីជាប្រទេសកំពុងប្រឈមនឹងបញ្ហាជាច្រើន រួមមានការដំឡើងពន្ធគយលើទំនិញនាំចូលដោយសហរដ្ឋអាម៉េរិក ជម្លោះនៅតំបន់មជ្ឈិមបូព៌ា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោកដែលនៅតែបន្តអូសបន្លាយ។
លើសពីនេះ គឺជម្លោះព្រំដែនកម្ពុជា និងថៃ ដែលភាគីថៃ បានបិទច្រកព្រំដែនគោកជាឯកតោភាគីជាមួយកម្ពុជា រយៈពេលមួយឆ្នាំមកនេះ បានបង្កផលប៉ះពាល់ដល់សកម្មភាពពាណិជ្ជកម្ម និងការដឹកជញ្ជូនឆ្លងដែនរវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណា ការនាំចេញរបស់កម្ពុជា នៅតែបន្តមានកំណើនខ្ពស់ ដែលឆ្លុះបញ្ចាំងពីភាពធន់នៃមូលដ្ឋានផលិតកម្មក្នុងស្រុក និងសមត្ថភាពក្នុងការពង្រីកទីផ្សារនាំចេញទៅកាន់ដៃគូពាណិជ្ជកម្មផ្សេងៗ។
ទីផ្សារនាំចេញកំពូលទាំង ១០របស់កម្ពុជា រួមមាន សហរដ្ឋអាម៉េរិក គឺនៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ដោយមានចំណែករហូតដល់ ៤០,៨% នៃការនាំចេញសរុប។ បន្ទាប់មកគឺវៀតណាម មានចំណែក ១៦,៦% ខណៈជប៉ុន ៥,៥% ចិន ៥,៤% កាណាដា ៣,៥% អេស្បាញ ៣,៣% ហូឡង់ ២,៩% ចក្រភពអង់គ្លេស ២,៧% អាល្លឺម៉ង់ ២,៤% និងថៃ ២,១%។
មុខទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា រួមមាន ផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ និងកាបូប ព្រមទាំងផលិតផលកសិកម្មដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី ដំឡូងមី និងកៅស៊ូ។ ទន្ទឹមនឹងនេះ កម្ពុជា ក៏កំពុងឃើញការកើនឡើងនៃការនាំចេញផលិតផលឧស្សាហកម្មថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ ដូចជា សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារអគ្គិសនី និងគ្រឿងបង្គុំអេឡិចត្រូនិក ដែលជាសញ្ញាបង្ហាញពីការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចពីការពឹងផ្អែកលើវិស័យប្រើកម្លាំងពលកម្មច្រើន ទៅកាន់វិស័យផលិតកម្មដែលមានបច្ចេកវិទ្យា និងតម្លៃបន្ថែមខ្ពស់ជាងមុន។
ចំណែកការនាំចូលវិញ ភាគច្រើនជាវត្ថុធាតុដើម និងទំនិញមូលធនសម្រាប់បម្រើដល់ការផលិត និងការវិនិយោគ រួមមានវត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌ ប្រេងឥន្ធនៈ គ្រឿងអេឡិចត្រូនិក យានយន្ត និងគ្រឿងចក្រ សម្ភារសំណង់ ឱសថ និងបរិក្ខាពេទ្យ។ ការកើនឡើងនៃការនាំចូលមុខទំនិញទាំងនេះ ត្រូវបានចាត់ទុកថា ជាសូចនាករវិជ្ជមានមួយដែលឆ្លុះបញ្ចាំងពីការបន្តសកម្មភាពផលិតកម្ម និងកំណើនវិនិយោគក្នុងស្រុក៕